
កិច្ចព្រមព្រៀង ដែលសម្រេចបានដោយមេដឹកនាំសភាអាមេរិក និងសេតវិមាន ស្តីពីសេចក្ដីស្នើច្បាប់ដ៏ធំដែលផ្តល់ថវិកាដល់យោធា បានបង្ហាញថាក្រសួងការបរទេស និងកម្មវិធីរដ្ឋាភិបាលជាច្រើនទៀតនឹងបន្តការហាមឃាត់ការផ្តល់មូលនិធិរបស់សហរដ្ឋអាមេរិក សម្រាប់ទីភ្នាក់ងារ UNRWA ដែលជាទីភ្នាក់ងារសំខាន់របស់អង្គការសហប្រជាជាតិសម្រាប់ប៉ាឡេស្ទីន រហូតដល់ខែមីនា ឆ្នាំ២០២៥ នេះបើយោងតាមប្រភពចំនួនពីរ បាននិយាយកាលពីថ្ងៃអង្គារ (១៩ មីនា)។
រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) បាននិយាយកាលពីខែមករាថា ខ្លួនកំពុងផ្អាកការផ្តល់មូលនិធិថ្មីជាបណ្តោះអាសន្នដល់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (UNRWA) បន្ទាប់ពីអ៊ីស្រាអែលបានចោទប្រកាន់បុគ្គលិកចំនួន ១២ នាក់ក្នុងចំណោមបុគ្គលិក ១៣.០០០ នៅហ្កាហ្សា របស់ទីភ្នាក់ងារនេះថាបានចូលរួមក្នុងការវាយប្រហារដ៏បង្ហូរឈាមកាលពីថ្ងៃទី០៧ ខែតុលា។
ព្រឹទ្ធសភាអាមេរិក បានអនុម័តច្បាប់កាលពីខែមុន ដោយកាត់ផ្តាច់ការផ្តល់មូលនិធិសម្រាប់ទីភ្នាក់ងារនេះ ដោយជាផ្នែកមួយនៃសំណើច្បាប់ចំនួន ៩៥ ពាន់លានដុល្លារ ដែលផ្តល់ជំនួយដល់អ៊ុយក្រែន អ៊ីស្រាអែល និងកោះតៃវ៉ាន់ ដែលត្រូវបានជាប់គាំងនៅក្នុងសភាតំណាងរាស្រ្ត។
បណ្ដាអ្នកគាំទ្រជំនួយនេះបាននឹងកំពុងព្យាយាមធ្វើឱ្យស្ដារការផ្ដល់មូលនិធិឡើងវិញ ដោយអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន ជួយដល់ស្ថាប័នមួយនេះ ខណៈដែលក្រុមជំនួយកំពុងធ្វើការដើម្បីទប់ស្កាត់ទុរ្ភិក្សនៅហ្កាហ្សា៕