
វីដេអូបញ្ចេញដោយវិទ្យាស្ថានស្រាវជ្រាវតំបន់អាក់ទិក និងអង់តាក់ទិករុស្ស៊ី ឃើញក្រុមអ្នកជំនាញអាកាសធាតុ និងមហាសមុទ្រ ចុះបេសកកម្មថ្មីរបស់ពួកគេនៅតំបន់អាក់ទិក ដើម្បីតាមដានស្ថានភាពទឹកកក ព្រិល និងកម្តៅនៅទីនោះ ។
វិទ្យាស្ថាននិយាយថា បេសកកម្មនេះ ត្រូវបានគេរំពឹងថានឹងចំណាយពេលរហូតដល់ខែតុលា ឆ្នាំ ២០២៤ ហើយនិងផ្តោតសំខាន់លើការតាមដានការរលាយកំណកទឹកកក វិភាគតុល្យភាពកម្តៅ និងលក្ខណៈពិសេសមីក្រូអាកាសធាតុរបស់ព្រិល គម្របផ្ទាំងទឹកកក និងផ្ទាំងទឹកកក ។
រុស្ស៊ីមាននូវស្ថានីយ៍ស្រាវជ្រាវមួយកន្លែងស្ថិតនៅតំបន់តាំងលំនៅ Barentsburg ដែលបានសាងសង់ឡើងក្នុងឆ្នាំ ១៩៨៦ ដើម្បីផ្តោតសំខាន់លើការស្រាវជ្រាវតំបន់អាក់ទិក ។
ខណៈពេលនោះដែរ អង្គការឧតុនិយមពិភពលោក (WMO) របស់អង្គការសហប្រជាជាតិ(UN) បាននិយាយកាលពីថ្ងៃអង្គារថា រាល់កំណត់ត្រាអាកាសធាតុពិភពលោកសំខាន់ៗត្រូវបានបំបែកកាលពីឆ្នាំមុន ហើយនៅឆ្នាំ ២០២៤ នេះ អាចកាន់តែអាក្រក់ទៅៗ ដោយប្រធានទីភ្នាក់ងារពិភពលោកមួយនេះបានប្រកាសអាសន្នអាកាសធាតុ និងសម្តែងការព្រួយបារម្ភជាពិសេសអំពីកម្ដៅមហាសមុទ្រ និងការរលាយនៃផ្ទាំងទឹកកករបស់សមុទ្រ ។
WMO បាននិយាយនៅក្នុងរបាយការណ៍ប្រចាំឆ្នាំ “ស្ថានភាពនៃអាកាសធាតុពិភពលោក”របស់ខ្លួនថា សីតុណ្ហភាពជាមធ្យមបានឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ១៧៤ ឆ្នាំ បន្ទាប់ពីបានរក្សាកំណត់ត្រាមកយ៉ាងយូរ ដែលឈានដល់កម្រិត ១,៤៥ អង្សាសេលើសពីកម្រិតមុនបដិវត្តន៍ឧស្សាហកម្ម ៕