
សហភាពអឺរ៉ុប (EU) និងអង្គការសហប្រជាជាតិ (UN) បាននិយាយថា សេចក្តីស្នើច្បាប់សន្តិសុខជាតិថ្មីរបស់ទីក្រុងហុងកុង កំពុងធ្វើឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ហើយអាចបំផ្លាញសេរីភាពជាមូលដ្ឋាន នៅក្នុងទីក្រុងដែលគ្រប់គ្រងដោយប្រទេសចិនមួយនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃអង្គារ (ទី១៩ ខែមីនា) ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk បានលើកឡើងថា៖ «វាជារឿងគួរឲ្យព្រួយបារម្ភណាស់ដែលថា ច្បាប់សំខាន់បែបនេះបានប្រញាប់ប្រញាល់ឆ្លងកាត់សភា តាមរយៈដំណើរការពន្លឿន ទោះបីជាមានការព្រួយបារម្ភយ៉ាងខ្លាំង ដែលបានលើកឡើងអំពីភាពមិនត្រូវគ្នានៃមាត្រាជាច្រើនរបស់ច្បាប់នេះជាមួយនឹងច្បាប់សិទ្ធិមនុស្សអន្តរជាតិក៏ដោយ»។
គួរបញ្ជាក់ថា ការអត្ថាធិប្បាយនេះបានកើតឡើងនៅថ្ងៃជាមួយគ្នា ដែលសមាជិកសភាក្រុងហុងកុងបានអនុម័តជាឯកច្ឆន្ទលើច្បាប់ថ្មីនេះ ពោលគឺរយៈពេលត្រឹមតែ ២សប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីសេចក្ដីព្រាងច្បាប់នេះត្រូវបានដាក់ចេញលើកដំបូង ជាការប្រញាប់ប្រញាល់ដាក់ចេញនូវច្បាប់ ដែលអ្នករិះគន់និយាយថា ផ្ដល់ការគំរាមកំហែងបន្ថែមទៀតដល់សេរីភាពរបស់ទីក្រុងនេះ។
កញ្ចប់នៃច្បាប់ដេលត្រូវបានគេស្គាល់ថា មាត្រា២៣ ត្រូវផ្តន្ទាទោសលើការប្រព្រឹត្តិនូវបទល្មើសព្រហ្មទណ្ឌមួយចំនួន ដែលរួមមានអំពើក្បត់ជាតិ វិឆ្ឆេទកម្ម ការបះបោរ ការលួចព័ត៌មានសម្ងាត់របស់រដ្ឋ ការជ្រៀតជ្រែកពីខាងក្រៅ និងចារកម្មជាដើម ដោយការជាប់ទោស មានពីការដាក់ពន្ធនាគារច្រើនឆ្នាំរហូតដល់អស់មួយជីវិត។ ច្បាប់នេះកើតមានឡើងបន្ទាប់ពីច្បាប់សន្តិសុខជាតិដែលដាក់ចេញដោយប្រទេសចិន ទទួលបានការអនុម័តក្នុងឆ្នាំ២០២០ បន្ទាប់ពីការតវ៉ាតាមដងផ្លូវដោយហិង្សានៅឆ្នាំមុននោះ។
ចំណែកសហភាពអឺរ៉ុប (EU) នៅក្នុងសេចក្តីថ្លែងការណ៍មួយដាច់ដោយឡែកកាលពីថ្ងៃអង្គារនោះដែរ បានលើកឡើងថា ខ្លួនមានការព្រួយបារម្ភអំពី «ផលប៉ះពាល់នាពេលខាងមុខ ចំពោះសិទ្ធិ និងសេរីភាពរបស់ប្រជាជនក្រុងហុងកុង» ហើយសេចក្ដីស្នើច្បាប់នេះមានសក្តានុពល «ប៉ះពាល់យ៉ាងខ្លាំងក្លា» ដល់ការងារនៃការិយាល័យរបស់ EU ក៏ដូចជាអង្គការ និងក្រុមហ៊ុននានា នៅទីក្រុងហុងកុងផងដែរ៕