
ប្រទេសស៊ូដង់ខាងត្បូង ជាប្រទេសក្មេងខ្ចីបំផុតនៅលើពិភពលោក កំពុងទទួលរងរលកកម្តៅខ្លាំង ដោយជំរុញឲ្យរដ្ឋាភិបាលចេញបញ្ជាឲ្យបិទសាលារៀនទាំងអស់រយៈពេល២សប្តាហ៍។ សេចក្តីសម្រេចនេះ ធ្វើឡើងខណៈប្រទេសនេះ រកមធ្យោបាយដោះស្រាយអំពើហិង្សាដែលនៅតែបន្ត ផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ និងការកើនឡើងជនភៀសខ្លួនឆ្លងកាត់ព្រំដែនមកពីប្រទេសស៊ូដង់ កាលពីពេលថ្មីៗនេះ។
សេចក្តីថ្លែងការណ៍រួម របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Yolanda Awel Deng និងអនុរដ្ឋមន្ត្រីក្រសួងអប់រំ លោក Martin Tako Moyi បានបញ្ជាក់លើហានិភ័យសុខភាពដែលបង្កឡើងដោយកម្តៅខ្លាំង។ សេចក្តីថ្លែងការណ៍បានប្រកាសថា «ដើម្បីការពារសុខុមាលភាពរបស់សិស្ស សាលារៀនទាំងអស់ផ្អាកដំណើរការចាប់ពីថ្ងៃច័ន្ទ ទី ១៨ ខែមីនា»។
ការណែនាំនេះ ពង្រីកដល់រដ្ឋនានារបស់ប្រទេសស៊ូដង់ខាងត្បូង ដោយជំរុញឱ្យឪពុកម្តាយរក្សាកូនៗស្នាក់នៅក្នុងលំនៅឋានក្នុងអំឡុងពេលបិទសាលារៀន។ ការណែនាំ បានបញ្ជាក់លើការពិនិត្យកុមារតូចៗសម្រាប់សញ្ញានៃការអស់កម្លាំងដោយសារកម្តៅ។ ដើម្បីធានាបាននូវការអនុវត្តន៍តាម សេចក្តីថ្លែងការណ៍បានព្រមានថា សាលារៀនណាដែលដំណើរការក្នុងអំឡុងពេលបិទ នឹងប្រឈមមុខការដកអាជ្ញាប័ណ្ណ។
អ្នកជំនាញផ្នែកសុខភាពព្រមានថា ផលប៉ះពាល់អូសបន្លាយពេលយូរចំពោះសីតុណ្ហភាពខ្ពស់ខ្លាំង ទាំងពេលថ្ងៃ និងពេលយប់ អាចប៉ះពាល់យ៉ាងខ្លាំងដល់រាងកាយមនុស្ស។ ភាពតានតឹងនេះ អាចធ្វើអោយធ្លាក់ចុះធ្ងន់ធ្ងរចំពោះស្ថានភាពសុខភាពដែលមានស្រាប់រួចទៅហើយ ដូចជាជំងឺផ្លូវដង្ហើម ជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងបញ្ហាតម្រងនោម។
រលកកម្តៅ បានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ដែលអាចនាំឱ្យមានអ្នកស្លាប់ និងការរំខានដល់សកម្មភាពសង្គមនិងសេដ្ឋកិច្ច រួមទាំងការបាត់បង់ម៉ោងធ្វើការ និងការថយចុះផលិតភាព។
អ្នកជំនាញព្រមានថា រលកកម្តៅ ក៏អាចប៉ះពាល់ដល់សេវាថែទាំសុខភាពផងដែរ ជាពិសេសដោយសារតែការដាច់ចរន្តអគ្គិសនី។