
មនុស្ស ២នាក់ស្លាប់ និងមនុស្សជាច្រើននាក់ផ្សេងទៀត រងរបួស ក្រោយទឹកជំនន់ដ៏គំហក់បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារទីក្រុង Duhok របស់ប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃអង្គារ ។
យោងតាមសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា មនុស្ស ២នាក់ បានស្លាប់ និងមនុស្ស ១០នាក់ផ្សេងទៀត រងរបួស នៅក្នុងទឹកជំនន់ដ៏គំហក់នេះ ។
ទឹកជំនន់ បានហូរកាត់ទីក្រុង Duhok បណ្តាលឲ្យផ្ទះសម្បែងប្រជាពលរដ្ឋ និងអគារធុរកិច្ចរងការជន់លិចជាមួយនឹងភក់ល្បាប់ និងកម្ទេចកម្ទី ។
លោក Dafan Lashkari គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុង Duhok និយាយថា រូបលោក និងគ្រួសាររបស់លោក បានរត់ឡើងទៅជាន់ទី ២ ពេលដែលរលកទឹកជំនន់ វាយប្រហារផ្ទះរបស់ពួកគេ ។
អភិបាលក្រុង Duhok លោក Ali Tatar បានជំរុញឲ្យប្រជាពលរដ្ឋមិនត្រូវចាកចេញពីផ្ទះរបស់ពួកគេជាដាច់ខាត លុះត្រាតែចាំបាច់ខ្លាំង ។
នៅក្នុងកិច្ចខិតខំវាយតម្លៃស្ថានភាពដំបូង លោក Tatar អមដំណើរដោយប្រធាននាយកដ្ឋានជាច្រើននាក់ បានធ្វើដំណើរទៅកាន់តំបន់រងផលប៉ះពាល់ និងបានបញ្ជាឲ្យក្រុមមន្រ្តីផ្តល់អាទិភាពដល់សុវត្ថិភាពរបស់ពលរដ្ឋ និងកាត់បន្ថយផលប៉ះពាល់ ៕