ភ្នំពេញ÷ ដើម្បីឈានឆ្ពោះទៅអបអរខួបទី១៦១ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៤ ក្រោមប្រធានបទ“រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់លោកជំទាវ មែន នារីសោភ័គអគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ដឹកនាំក្រុមការងារ ចុះផ្សព្វផ្សាយខ្លឹមសារខួបទី១៦១ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៤ នៅសាកលវិទ្យាល័យកម្ពុជា ដោយមានការអញ្ជើញចូលរួមពី លោក អ៊ី រតនា សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យកម្ពុជា សាស្រ្តាចារ្យ និងនិស្សិត សរុបចំនួន ១៧០នាក់។
ជាកិច្ចចាប់ផ្តើម លោកជំទាវអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនអង្គពិធីទាំងមូល និងបានបង្ហាញជូននូវគោលបំណងនៃការ ផ្សព្វផ្សាយឱ្យសាធារណជនបានស្គាល់ និងយល់ដឹងពីអ្វីដែល កាកបាទក្រហមកម្ពុជា បាននិងកំពុងធ្វើ បង្ហាញពីសមិទ្ធផល និងវឌ្ឍនភាពរបស់ កាកបាទក្រហមកម្ពុជា និងបន្តអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដើម្បីកៀរគររកមូលនិធិ សម្រាប់បន្តប្រតិបត្តិការមនុស្សធម៌ ជួយប្រជាពលរដ្ឋងាយរងគ្រោះ និងចូលរួមក្នុងការដោះស្រាយបញ្ហាប្រឈមនានា។ ជាមួយគ្នានេះ លោកជំទាវ មានប្រសាសន៍ថា “ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ធ្វើឡើងជារៀងរាល់ឆ្នាំដើម្បី រំលឹកដល់ការបង្កើតចលនាអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម។
ទន្ទឹមនឹងនេះការផ្សព្វផ្សាយនេះ ជាការចូលរួមចំណែកលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន។ ដើម្បីធ្វើយ៉ាងណា ឱ្យសហគមន៍មានសុខភាពល្អ បន្តលើកកម្ពស់ការយល់ដឹងអំពីជំងឺមិនឆ្លងទាំងបួនមុខរួមមាន ជំងឺមហារីក, ជំងឺទឹកនោមផ្អែម, ជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃ និងជំងឺបេះដូងសរសៃឈាម ដែលនៅតែជាបញ្ហាប្រឈមខ្ពស់ នៃការស្លាប់ស្ទើរតែពាក់ កណ្តាលក្នុងចំណោមការស្លាប់ទាំងអស់នៅកម្ពុជា នេះបើតាមការឱ្យដឹងពីក្រសួងសុខាភិបាល។ បន្ថែមលើនេះដើម្បីឱ្យសហគមន៍មានភាពធន់នឹងអាកាសធាតុ លោកជំទាវបានលើកឡើងអំពីផលប៉ះពាល់ ពីការប្រែប្រួលអាកាសធាតុ ការរេចរឹលបរិស្ថាន និងការបំពុលខ្យល់ជាដើម ក្នុងការចូលរួមកាត់បន្ថយ និងបន្សាំការប្រែប្រួលអាកាសធាតុ ដែលបច្ចុប្បន្នកម្ពុជាកំពុងប្រឈមនឹងការកើនឡើងកំដៅខ្លាំង។
លោក អ៊ី រតនា សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យកម្ពុជា សូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានចាត់ក្រុមការងារចុះផ្សព្វផ្សាយពីខ្លឹមសារ ៨ឧសភា២០២៤ ក្រោមមូលបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” ក្នុងនាមសាកលវិទ្យាល័យកម្ពុជា សូមប្តេជ្ញារួមចំណែកក្នុងការធ្វើឱ្យសហគមន៍មានសុខភាពល្អ នឹងមានភាពធន់នឹងអាកាសធាតុ តាមរយៈការផ្សព្វផ្សាយនេះ៕
អត្ថបទៈ សំ ងីម











