ប្រព័ន្ធផ្សព្វផ្សាយអៀរឡង់ នៅថ្ងៃពុធ (ទី២០ ខែមីនា) បានរាយការណ៍ថា លោក Leo Varadkar នឹងចុះចេញពីតំណែងជានាយករដ្ឋមន្ត្រីរបស់ប្រទេសអៀរឡង់ និងជាមេដឹកនាំនៃគណបក្សដែលកំពុងកាន់អំណាច គឺគណបក្ស Fine Gael ដោយនេះគឺជាការសម្រេចដ៏គួរឲ្យភ្ញាក់ផ្អើលមួយ។
រដ្ឋាភិបាលបានឲ្យដឹងថា លោក Varadkar នឹងធ្វើសន្និសីទសារព័ត៌មានមួយ នៅវេលាម៉ោង ១២:០០ម៉ោងសកល នាថ្ងៃពុធនេះ។ ការចុះចេញរបស់លោកជាប្រធានសម្ព័ន្ធ ៣គណបក្ស មិនបង្កឲ្យមានការបោះឆ្នោតទូទៅដោយស្វ័យប្រវត្តិនោះទេ ហើយរូបលោកអាចត្រូវបានជំនួសដោយមេដឹកនាំថ្មីរបស់គណបក្ស Fine Gael។
គួរបញ្ជាក់ថា លោក Varadkar ក្នុងឆ្នាំ២០១៧ បានក្លាយជានាយករដ្ឋមន្ត្រីស្រលាញ់ភេទដូចគ្នាដំបូងគេបង្អស់នៃប្រទេសដែលធ្លាប់គោរពសាសនាកាតូលិកយ៉ាងខ្ចាប់ខ្ចួន និងជាបុគ្គលក្មេងជាងគេដែលកាន់តំណែងនេះ។ លោកបានវិលមកកាន់តំណែងជានាយករដ្ឋមន្ត្រី ក្នុងឆ្នាំ២០២២៕
