
សារព័ត៌មានរដ្ឋរាយការណ៍ថា នៅថ្ងៃពុធនេះ ចិនបានបាញ់បង្ហោះផ្កាយរណបដែលនឹងដើរតួជាស្ពានទំនាក់ទំនងរវាងប្រតិបត្តិការលើផែនដី និងបេសកកម្មនាពេលខាងមុខនៅផ្នែកដ៏អាថ៌កំបាំងរបស់ឋានព្រះច័ន្ទ ជាការចាប់ផ្តើមដំណាក់កាលថ្មីក្នុងកម្មវិធីរុករកឋានព្រះច័ន្ទរយៈពេលវែងរបស់ប្រទេសមួយនេះ ។
ទូរទស្សន៍រដ្ឋ CCTV បានចាក់ផ្សាយរូបភាពវីដេអូឃ្លីបរបស់យានចម្លង Long March 8 ដឹកផ្កាយរណប Queqiao-2 ទម្ងន់ ១,២តោន និងផ្កាយរណបខ្នាតតូច Tiandu-1 និង Tiandu-2 ហោះចេញពីជើងទម្របាញ់បង្ហោះ ស្ថិតនៅខេត្តភាគខាងត្បូងហៃណាន ។
CCTV រាយការណ៍ថា ផ្កាយរណប Queqiao-2 នឹងគោចរតាមគន្លងជុំវិញឋានព្រះច័ន្ទ ហើយនិងបញ្ជូនសញ្ញាទៅកាន់ និងចេញពីបេសកកម្ម Chang'e-6 ដែលគេរំពឹងថានឹងបាញ់បង្ហោះនៅខែឧសភាខាងមុខនេះ ។
បេសកកម្មរូបយន្ត Chang'e-6 នឹងព្យាយាមស្រង់សំណាកពីបាសាំងបុរាណ ទទួលយកវត្ថុធាតុឋានព្រះច័ន្ទ ពីផ្នែកនៅឆ្ងាយមើលមិនឃើញរបស់ឋានព្រះច័ន្ទជាលើកដំបូង ។
ផ្នែកនៅជិតឋានព្រះច័ន្ទ តែងតែនៅទល់មុខនឹងផែនដី ។ នោះមានន័យថា ការបញ្ជូនទិន្នន័យពីផ្នែកនៅឆ្ងាយរបស់ឋានព្រះច័ន្ទ ពុំអាចទៅរួចនោះទេ ដោយសារគ្មានខ្សែមើលឃើញដោយផ្ទាល់ ។
CCTV រាយការណ៍ទៀតថា ផ្កាយរណប Queqiao-2 នឹងប្រើប្រាស់ផងដែរជាវេទិកាបញ្ជូនសញ្ញាបន្តសម្រាប់បេសកកម្មឋានព្រះច័ន្ទ Chang'e-7 នៅឆ្នាំ ២០២៦ និងបេសកកម្ម Chang'e-8 នៅឆ្នាំ ២០២៨ ៕