
នៅថ្ងៃពុធនេះ រុស្ស៊ីនៅតែបន្តប្រតិបត្តិការជួយសង្រ្គោះសម្រាប់កម្មករអណ្តូងរ៉ែ ១៣នាក់ដែលបានជាប់ខ្លួន ក្រោយអណ្តូងរ៉ែមាសបាក់ស្រុតនៅតំបន់ Amur ស្ថិតនៅភាគខាងកើតប្រទេសរុស្ស៊ី ។
មន្រ្តីមួយរូបរបស់ក្រសួងសង្រ្គោះបន្ទាន់រុស្ស៊ី និយាយនៅក្នុងសារជាវីដេអូថា ក្រុមជួយសង្រ្គោះនៅកន្លែងកើតហេតុមានការចូលរួមពីក្រុមអ្នកជំនាញបន្ថែមទៀត ។
ទីភ្នាក់ងារព័ត៌មានរដ្ឋ RIA រាយការណ៍នៅថ្ងៃពុធនេះថា ទំហំនៃគំនរថ្មនៅអណ្តូងរ៉ែដែលកម្មករ ១៣នាក់ជាប់ខ្លួនចាប់តាំងពីឧបទ្ទេវហេតុកើតឡើងកាលពីថ្ងៃចន្ទរហូតមក គឺមានចំនួនធំជាង ៩ដងនៃទំហំប៉ាន់ស្មានកាលពីលើកមុន ។
ទីភ្នាក់ងារព័ត៌មាន RIA រាយការណ៍ទៀតថា ឧបទ្ទេវហេតុនេះ បានកើតឡើងនៅអណ្តូងរ៉ែមាស Pioneer ដែលស្ថិតនៅក្នុងចំណោមអណ្តែងរ៉ែមាសធំបំផុតនៅរុស្ស៊ី ដោយផ្អែកលើសមត្ថភាពដំណើរការ ។ អណ្តូងរ៉ែនេះ ស្ថិតនៅតំបន់ Amur ជាប់ព្រំដែនប្រទេសចិន ។
អណ្តូងរ៉ែ Pioneer គ្រប់គ្រងដោយក្រុមហ៊ុនផលិតមាស និងស្ពាន់រងទណ្ឌកម្ម UMMC របស់រុស្ស៊ី ៕