
យោធាអ៊ីស្រាអែល បាននិយាយនៅថ្ងៃពុធនេះថា ខ្លួនបានសម្លាប់ខ្មាន់កាំភ្លើងប្រហែល ៩០នាក់ និងចាប់ខ្លួន១៦០នាក់ នៅក្នុងការវាយឆ្មក់លើមន្ទីរពេទ្យAl Shifaនៅតំបន់ហ្កាហ្សា។
មន្ទីរពេទ្យ Al Shifa ដែលជាមន្ទីរពេទ្យដ៏ធំបំផុតរបស់តំបន់ហ្កាហ្សាស្ទ្រីប មុនពេលសង្រ្គាម ឥឡូវនេះ គឺជាកន្លែងថែទាំសុខភាពមួយក្នុងចំណោមកន្លែងថែទាំសុខភាពមួយចំនួន ដែលបានប្រតិបត្តិការនៅក្នុងតំបន់ភាគខាងជើងនៃទឹកដីនេះ ហើយក៏ធ្លាប់ជាលំនៅដ្ឋានជនស៊ីវិលដែលផ្លាស់ទីលំនៅផងដែរ។
យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ក្នុងរយៈពេលមួយថ្ងៃកន្លងមក កងទ័ពបានកម្ទេចក្រុមភេរវករ និងអាវុធនៅក្នុងតំបន់មន្ទីរពេទ្យ ខណៈពេលដែលការរារាំង បានបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល អ្នកជំងឺ ក្រុមពេទ្យ និងឧបករណ៍វេជ្ជសាស្ត្រ»។
ការវាយឆ្មក់របស់អ៊ីស្រាអែលនៅឯមន្ទីរពេទ្យ បានចាប់ផ្តើមនៅព្រឹកព្រលឹមថ្ងៃចន្ទ។ យោធាបាននិយាយថា ខ្លួន បានបញ្ជូនកងកម្លាំងពិសេសដែលគាំទ្រដោយថ្មើរជើង និងរថក្រោះ ដោយផ្អែកលើព័ត៌មានចារកម្ម ថា មន្ទីរពេទ្យនេះ ត្រូវបានខ្មាន់កាំភ្លើងប្រើប្រាស់ម្តងទៀត។
អ៊ីស្រាអែល បានប្រឈមនឹងការរិះគន់យ៉ាងខ្លាំងកាលពីខែវិច្ឆិកាមុន ពេលដែលទាហានវាយឆ្មក់ចូលមន្ទីរពេទ្យ Al Shifa ជាលើកដំបូង។ កងទ័ព បានរកឃើញផ្លូវរូងក្រោមដីនៅទីនោះ ដែលពួកគេបាននិយាយថា ត្រូវបានប្រើជាមជ្ឈមណ្ឌលបញ្ជា និងគ្រប់គ្រងដោយក្រុមហាម៉ាស។ ក្រុមហាម៉ាស និងបុគ្គលិកពេទ្យ បានបដិសេធថា មន្ទីរពេទ្យនេះ ត្រូវបានគេប្រើប្រាស់សម្រាប់គោលបំណងយោធា ឬដើម្បីផ្តល់ជម្រកដល់ក្រុមសកម្មប្រយុទ្ធ។