ប្រណាំងកង់៖ អ្នកការពារតំណែងជើងឯក កីឡាករស្លូវេនី Tadej Pogacar បានបន្តប្រជែងឈ្នះដំណាក់កាលទី ១៨ នៃការប្រកួតប្រណាំងកង់ព្រឹត្តិការណ៍ Grand Tour, Tour de France នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ និងបន្តការនាំមុខក្នុងតារាងរួម ខណៈការប្រកួតនឹងបញ្ចប់នៅថ្ងៃអាទិត្យនេះ។

ដំណាក់កាលទី ១៨ ដែលមានចម្ងាយផ្លូវ ១២៩.៧គីឡូម៉ែត្រ ដែលជាដំណាក់កាលឆ្លងកាត់ស្ថានភាពផ្លូវភ្នំនោះ Tadej Pogacar បានមកដល់ទីព្រ័ត្រមុនគេប្រើពេល ៣ម៉ោង ៣៣នាទី ៤៥វិនាទី តាមពីក្រោយដោយកីឡាករដាណឺម៉ាក Jonas Vingegaard យឺតជាង ២វិនាទី និងលេខ៣ កីឡាករអេក្វាដ័រ Richard Carapaz តាមពីក្រោយ ២វិនាទីដូចគ្នា។ នេះជាជ័យជំនះ ២ដំណាក់កាលផ្ទួនៗសំរាប់ Tadej Pogacar និងធ្វើឱ្យកីឡាកររបស់ក្រុម UAE Team Emirate រូបនេះពន្លាតការនាំមុខក្នុងតារាងវេលារួមសរុប ៥នាទី ៤៥វិនាទី ពីលើគូប្រជែងដែលកំពុងដេញពីក្រោយកីឡាករដាណឺម៉ាក Jonas Vingegaard ខណៈលេខ៣ នៅតែជា Richard Carapaz ដដែល។
កីឡាករវ័យ ២២ឆ្នាំ Tadej Pogacar រំពឹងថានឹងអាចរកបានជ័យជំនះដំណាក់កាលសំខាន់នៅថ្ងៃសៅរ៍បាន ដែលជាដំណាក់កាលប្រណាំងយកថេរវេលាផ្ទាល់ខ្លួន ដើម្បីអាចការពារតំណែងជើងឯក Tour de France។ ដោយឡែកសំរាប់ដំណាក់កាលទី ១៩ ថ្ងៃសុក្រនេះមានចម្ងាយផ្លូវ ២០៧គីឡូម៉ែត្រ ជាដំណាក់កាលប្រណាំងលើស្ថានភាពផ្លូវរាបស្មើធម្មតា៕
អត្ថបទ៖នាង សុភាវុធ