
មន្ត្រីជាន់ខ្ពស់មួយរូប នៅថ្ងៃពុធ (ទី២០ ខែមីនា) នេះ បានប្រាប់ឲ្យដឹងថា យុវជនមិនស្គាល់អត្តសញ្ញាណបានបាញ់សម្លាប់មនុស្ស ១៥នាក់ នៅតំបន់ Pibor របស់ប្រទេសស៊ូដង់ខាងត្បូង ដោយបន្ថែមថា ជនរងគ្រោះរួមមានទាំងស្នងការក្នុងតំបន់ផងដែរ។
ឧបទ្ទវហេតុនេះបានកើតឡើងកាលពីថ្ងៃអង្គារ (ទី១៩ ខែមីនា) នៅពេលដែលស្នងការនៃស្រុក Boma ក្នុងតំបន់ Pibor កំពុងត្រឡប់មកពីមើលភូមិមួយ ក្នុងតំបន់នោះ។
លោក Abraham Kelang រដ្ឋមន្ត្រីក្រសួងព័ត៌មានប្រចាំតំបន់រដ្ឋបាល Greater Pibor បានប្រាប់សារព័ត៌មាន Reuters ថា៖ «ស្នងការជាមួយក្រុមរបស់លោក បានទៅមើលភូមិ Nyat ហើយនៅពេលត្រឡប់មកវិញ រូបលោកត្រូវបានគេវាយឆ្មក់ ហើយមនុស្ស ១៤នាក់ត្រូវបានសម្លាប់ ក្នុងនោះរួមទាំងស្នងការរូបនោះផងដែរ»។
គួរបញ្ជាក់ថា សង្គ្រាមស៊ីវិលនៅស៊ូដង់ខាងត្បូង បានផ្ទុះឡើងក្នុងរយៈពេល ២ឆ្នាំបន្ទាប់ពីប្រទេសនេះបានទទួលឯករាជ្យពីប្រទេសស៊ូដង់ និងបានប្រយុទ្ធគ្នាដោយភាគច្រើន នៅតាមតំបន់ជនជាតិភាគតិច គឺរវាងក្រុមជនជាតិភាគតិច Dinkas និង Nuer។ ជម្លោះនេះបានបណ្តាលឲ្យមនុស្សរាប់សែននាក់បានស្លាប់នៅចន្លោះឆ្នាំ២០១៣ និងឆ្នាំ២០១៨៕