មណ្ឌលគិរី៖ បន្ទាប់ពីជនរងគ្រោះ២នាក់បានស្លាប់ នៅមានជនរងគ្រោះ៣ផ្សេងទៀតកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរសង្គ្រោះបន្ទាន់នៅឡើយ ក្នុងករណីពុលសាច់ជ្រូកព្រៃ (សាច់ជូរ) ។
លោកវេជ្ជបណ្ឌិត ទុយ ស្រស់ ប្រធានមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី បញ្ជាក់នៅល្ងាចថ្ងៃទី២០មីនានេះថា ស្ថានភាពជនរងគ្រោះទាំង៣នាក់ ដែលកំពុងសង្គ្រោះគឺមានសភាពធ្ងន់ធ្ងរ ដង្ហើមខ្សោយ ដោយក្រុមគ្រូពេទ្យបាននិងកំពុងព្យាយាមសង្គ្រោះ ។ លោកបន្តថា ករណីនេះនៅមិនទាន់ច្បាស់នោះទេថាជនរងគ្រោះពុលសាច់ជ្រូកព្រៃ ឬពុលគ្រឿងផ្សំជាមួយសាច់ជ្រូកព្រៃនោះ ដោយក្រុមគ្រូពេទ្យបានប្រមូលសំណាកបញ្ជូនទៅមន្ទីរពិសោធន៍រួចហើយ ប៉ុន្តែមិនទាន់ចេញលទ្ធផល ។
គួររំលឹកដែរថា មនុស្ស២នាក់បានស្លាប់ នឹង៣នាក់ទៀតត្រូវសង្រ្គោះបន្ទាន់ ដោយសាពុលសាច់ជ្រូកព្រៃ កាលនៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៤ ហេតុការណ៍នេះកើតឡើងនៅភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ។
ជនរងគ្រោះ ទី១ ឈ្មោះ យ៉េង ជីនាន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិ ព្នង (ស្លាប់)នៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ។ ទី២ ឈ្មោះ ផាន សុបឿន ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ(ស្លាប់)នៅមន្ទីរពេទ្យបង្អែកស្រុកកោះញែក ។
ជនរងគ្រោះទី៣ ឈ្មោះ ជីនាន វិសាល ភេទប្រុសអាយុ០៦ឆ្នាំ ជនជាតិខ្មែរ (កំពុងសង្គ្រោះ) ។ ទី៤ ឈ្មោះ ជីនាន ពិសី ភេទស្រី អាយុ០៤ឆ្នាំ ជនជាតិខ្មែរ (កំពុងសង្គ្រោះ) ។ និងទី៥ ឈ្មោះ កែវ ស្នា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ (កំពុងសង្គ្រោះ)។
បច្ចុប្បន្នករណីខាងលើនេះមន្ត្រីជំនាញនៃមន្ទីសុខាភិបាលខេត្តមណ្ឌលគិរី និងកម្លាំងសមត្ថកិច្ចជំជំនាញកំពុងស្រាវជ្រាវបន្ត៕



