នៅថ្ងៃពុធនេះ រដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក David Cameron បានជួបសម្តែងការគួរសមជាមួយនាយករដ្ឋមន្រ្តីថៃលោក Srettha Thavisin នៅការិយាល័យនាយករដ្ឋមន្រ្តីថៃស្ថិតក្នុងទីក្រុងបាងកក ។
អំឡុងដំណើរទស្សនកិច្ចរបស់លោក លោក Cameron នឹងមានជំនួបទ្វេភាគីផងដែរជាមួយសមភាគីថៃរបស់លោក ដើម្បីពិភាក្សាលើបញ្ហាពាណិជ្ជកម្ម ការវិនិយោគទុន សន្តិសុខ ការពារជាតិ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ។
យោងតាមសេចក្តីថ្លែងការណ៍ពីរដ្ឋាភិបាលថៃ បានឲ្យដឹងថា ប្រទេសថៃ និងចក្រភពអង់គ្លេស នឹងប្រកាសជាផ្លូវការថា ទំនាក់ទំនងរបស់ពួកគេគឺជាភាពជាដៃគូយុទ្ធសាស្រ្ត ។
ការប្រកាសបែបនេះ នឹងធ្វើឲ្យអង់គ្លេសក្លាយជាប្រទេសលើកដំបូងគេនៅអឺរ៉ុបដែលថៃមានភាពជាដៃគូយុទ្ធសាស្រ្តជាមួយ ។
នៅព្រឹកថ្ងៃពុធនេះ លោក Cameron ស្ថិតក្នុងខេត្តនគររាជសីមា ស្ថិតនៅភាគឦសានប្រទេសថៃ ដើម្បីអង្កេតយន្តហោះចម្បាំង Gripen ផលិតឡើងដោយក្រុមហ៊ុន Saab របស់ស៊ុយអែត រួមកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនអង់គ្លេស ។
លោក Cameron បាននិយាយថា លោកសង្ឃឹមថា ថៃនឹងទិញយន្តហោះបន្ថែមទៀតនៅក្នុងកិច្ចព្រមព្រៀងមិនច្បាស់លាស់មួយដែលលោកនិយាយថា នឹងទ្រទ្រង់សេដ្ឋកិច្ចអង់គ្លេសនូវថវិកា ៤០០លានផោន(ស្មើនឹង៥០៨,៦៤លានដុល្លារ) ៕