
ប្រទេសចិនបានជំរុញឲ្យចក្រភពអង់គ្លេសបញ្ឈប់ «ធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋាន» ពាក់ព័ន្ធនឹងច្បាប់សន្តិសុខជាតិថ្មីរបស់ទីក្រុងហុងកុង ហើយបានបរិហារបណ្តាប្រទេសដែល «បង្កាច់បង្ខូច» ច្បាប់ដែលអ្នករិះគន់និយាយថា គំរាមកំហែងបន្ថែមទៀតដល់សេរីភាពក្នុងទីក្រុង ដែលធ្លាប់នៅក្រោមអាណានិគមរបស់អង់គ្លេស។
សមាជិកសភាក្រុងហុងកុងបានអនុម័តច្បាប់ថ្មីជាឯកច្ឆន្ទ កាលពីថ្ងៃអង្គារ (ទី១៩ ខែមីនា) ដែលជាការចេញច្បាប់យ៉ាងប្រញាប់ប្រញាល់ ដើម្បីពង្រឹងការការពារនូវអ្វីដែលសន្មតថា ជាការគំរាមកំហែង និងបង្ក្រាបការមានគំនិតផ្ទុយ បន្ទាប់ពីការតវ៉ាដោយហិង្សាគាំទ្រលទ្ធិប្រជាធិបតេយ្យ បានកើតមានក្នុងឆ្នាំ២០១៩។
ស្ថានទូតចិនប្រចាំនៅអង់គ្លេស នៅថ្ងៃពុធ (ទី២០ ខែមីនា) នេះ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា កិច្ចការរបស់ទីក្រុងហុងកុង គឺជា «កិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ» ហើយ «ភាគីអង់គ្លេសមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការធ្វើការកត់សម្គាល់ដោយគ្មានការទទួលខុសត្រូវនោះឡើយ»។
រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Cameron បាននិយាយថា ច្បាប់នេះនឹងមានផលប៉ះពាល់យ៉ាងទូលំទូលាយ និងបំផ្លាញសិទ្ធិសេរីភាពរបស់ប្រជាជនហុងកុងបន្ថែមទៀត។ លោកបាននិយាយថា ច្បាប់នេះបានធ្វើឲ្យខូចលក្ខខណ្ឌនៃកិច្ចព្រមព្រៀងឆ្នាំ១៩៨៤ ដែលអង់គ្លេសបានប្រគល់ទីក្រុងក្រោមអាណានិគមរបស់ខ្លួនទៅប្រទេសចិនវិញនៅឆ្នាំ១៩៩៧។
ចំណែកសហរដ្ឋអាមេរិកបានលើកឡើងថា ខ្លួនជឿថា ការអនុម័តសេចក្ដីស្នើច្បាប់ថ្មីនេះ មានសក្តានុពលក្នុងការពន្លឿនដល់ការបិទសង្គមដែលធ្លាប់បើកចំហ៕