ភ្នំពេញ ៖ នៅទីស្តីការក្រសួង កាលពីថ្ងៃទី៦តុលា ម្សិលមិញនេះ បានរៀបចំប្រជុំលើកទី២ ស្តីពីការងារជំរុញផលិតកម្ម និងនាំចេញទំនិញក្រោមក្របខ័ណ្ឌតំបន់និងទ្វេភាគី បន្ទាប់ពីការផ្លាស់ប្តូរមតិយោបល់ និងផ្តល់ធាតុចូលសំខាន់ពីសមាជិកពាក់ព័ន្ធ ជាលទ្ធផលឯកភាពគ្នាលើចំណុចសំខាន់៣ ដើម្បីនឹងធ្វើការសិក្សាស្រាវជ្រាវ និងចងក្រងជាឯកសារ។
ផេកហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមវត្តមានរបស់ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការ ក្នុងគោលបំណងដើម្បីពិនិត្យឡើងវិញលើបញ្ជីមុខទំនិញ និងផលិតផលដែលមានសក្ដានុពល របស់កម្ពុជាសម្រាប់រៀបចំផែនការជំរុញការនាំចេញទៅទីផ្សារអន្តរជាតិក្រោមក្របខ័ណ្ឌតំបន់ និងទ្វេភាគី ជាពិសេសដើម្បីទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ និងកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ដែលគ្រោងនឹងចុះហត្ថលេខាជាមួយដៃគូទេ្វរភាគី និងពហុភាគី សំដៅលើកកម្ពស់ផលិតកម្មក្នុងស្រុក និងពង្រីកទីផ្សារនាំចេញ។
ទាក់ទិននឹងចំណុចសំខាន់៣ខាងលើ រួមមាន ៖១.សិក្សាស្រាវជ្រាវលើផលិតផលមានស្រាប់ដែលអាចនាំចេញបានភ្លាមៗ, សិក្សាស្រាវជ្រាវលើផលិតផលសក្ដានុពល សម្រាប់ធ្វើការនាំចេញពេលអនាគត ២.ផ្សព្វផ្សាយលទ្ធផលនៃការចរចាពាណិជ្ជកម្ម និងសុំធាតុចូលត្រឡប់វិញពីវិស័យឯកជន ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ និងទី៣.រៀបចំបញ្ជីរាយមុខទំនិញសំខាន់ៗ និងវិភាគលើស្ថានភាពនៃការនាំចេញពេលកន្លងទៅ។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ស៊ាង ថៃ បានលើកឡើងពីលទ្ធផលការងារ និងការឯកភាពគ្នាក្នុងកិច្ចប្រជុំលើកទី១ កាលពីខែកញ្ញា កន្លងទៅ ដូចជាការបង្កើតក្រុមការងារលេខាធិការដ្ឋាន និងក្រុមស្រាវជ្រាវឯកសារ ការកំណត់ទំនិញអាទិភាព និងការកំណត់ទម្រង់រៀបចំរបាយការណ៍ដោយយកគំរូប្រហាក់ប្រហែលគោលនយោបាយដំឡូងមីកម្ពុជាជាដើម។ ក្នុងនោះ លោកបានស្នើសុំថ្នាក់ដឹកនាំក្រសួង ពិនិត្យ និងចុះហត្ថលេខាលើប្រកាសដើម្បីបែងចែកភារកិច្ចដល់ក្រុមការងារតាមតួនាទីរៀងៗខ្លួន៕
អត្ថបទ៖ ឈិត បូរ៉ាវី




