អូឡាំពិក៖ ព្រឹត្តិការណ៍អូឡាំពិករដូវក្តៅទីក្រុងតូក្យូនឹងឈានមកដល់នៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះហើយ ស្របពេលដែលជប៉ុនកំពុងរងគ្រោះខ្លាំងពីការរីករាលដាលឆ្លង នៃមេរោគកូវីដ-១៩។ ជាមួយនឹងវិធានការសុខភាព និងសន្តិសុខយ៉ាងតឹងរ៉ឺង អត្តពលិកដែលចូលរួមការប្រកួតក៏ត្រូវធ្វើតាមវិធានការ ដែលបានកំណត់ទាំងនោះឱ្យបានខ្ជាប់ខ្ជួន។

ជាក់ស្តែង អត្តពលិកដែលឈ្នះជ័យលាភី នឹងលែងមានភាគីជាភ្ញៀវកិត្តិយសឡើងប្រគល់ និងបំពាក់ជូនដូចមុនហើយ ពោលគឺអ្វីៗត្រូវកាត់បន្ថយការចាប់កាន់ និងប៉ះពាល់ពីមនុស្សម្នាក់ទៅម្នាក់ទៀតតាមដែលអាចធ្វើទៅបាន។ អត្តពលិកដែលឈ្នះជ័យលាភីមេដាយ ពួកគេត្រូវឡើងទទួលមេដាយ និងបំពាក់ដោយខ្លួនឯង ពោលគឺមេដាយទាំងអស់ត្រូវបានរៀបចំនៅលើតុរួចជាស្រេច និងមានការបាញ់សំអាតមេរោគរួចរាល់។
សូមបញ្ជាក់ថា IOC និងគណៈកម្មាធិការអូឡាំពិកជប៉ុន បានបោះពុម្ពផ្សាយសៀវភៅណែនាំ “Playbook” ដើម្បីដាក់ចេញច្បាប់នៃការចូលប្រទេសជប៉ុន និងការអនុវត្តិវិធានការចាំបាច់ជាច្រើនសម្រាប់អត្តពលិកអូឡាំពិក និងប៉ារ៉ាឡាំពិក ដែលមានអត្តពលិកធ្វើដំណើរមកពី ២០៥ប្រទេស និងដែនដី។ កន្លងទៅនៅប្រទេសចិន ដែលនឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាំពិករដូវរងារឆ្នាំក្រោយនៅទីក្រុងប៉េកាំងនោះ ក៏បានរៀបចំព្រឹត្តិការណ៍សាកល្បងរបស់ខ្លួនតាមបរិបទកូវីដ-១៩ នេះផងដែរ៕
អត្ថបទ៖នាង សុភាវុធ