
ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេស បាននិយាយថា ប្រទេសរុស្ស៊ី កំពុងបង្ហាញថា ខ្លួនកំពុងកាត់បន្ថយទំហំនៃប្រតិបត្តិការជើងទឹករបស់ខ្លួន នៅក្នុងសមុទ្រខ្មៅ ចំពេលមានការវាយប្រហាររបស់អ៊ុយក្រែនលើកងនាវារបស់ទីក្រុងមូស្គូ នៅទីនោះ។
នៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានចារកម្មកាលពីថ្ងៃអង្គារ ក្រសួងបានកត់សម្គាល់ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu ទៅកាន់ប៉ុស្តិ៍បញ្ជាការកងនាវានៅតំបន់គ្រិម៉េ( Crimea) ក្នុងអំឡុងពេលដែលវិមានក្រឹមឡាំង បានសង្កត់ធ្ងន់លើវិធានការថ្មី ដើម្បីការពារគ្រឿងយុទ្ធោបករណ៍របស់ របស់ខ្លួនប្រឆាំងនឹងការវាយប្រហាររបស់អ៊ុយក្រែន។
ព័ត៌មានបច្ចុប្បន្នភាពរបស់ចក្រភពអង់គ្លេស បានឲ្យដឹងថា ការផ្តោតថ្មីនេះ បង្ហាញថា ការវាយប្រហាររបស់អ៊ុយក្រែន បានជំរុញឲ្យរុស្ស៊ី «បង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីការពារកងនាវារបស់ខ្លួន នៅក្នុងសមុទ្រខ្មៅ»។
ព័ត៌មានបច្ចុប្បន្នភាពនោះ បានបន្ថែមថា៖«កងទ័ពជើងទឹករុស្ស៊ី ទំនងជាបានងាកទៅរកការកំណត់ប្រតិបត្តិការរបស់ខ្លួនទៅកាន់សមុទ្រខ្មៅភាគខាងកើត នៅពេលដែលការខាតបង់របស់ខ្លួន កាន់តែកើនឡើង និងគំរាមកំហែងនៅទីនោះ ក៏កើនឡើងដែរ»។