
រដ្ឋាភិបាលវៀតណាម និយាយនៅថ្ងៃពុធនេះថា គណបក្សកុម្មុយនិស្តវៀតណាម បានទទួលយកការលាលែងពីតំណែងរបស់លោកប្រធានាធិបតី វ៉ូ វ៉ាន់ធឿង(Vo Van Thuong) ក្នុងសញ្ញាមួយនៃភាពចលាចលនយោបាយដែលអាចធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តរបស់ក្រុមវិនិយោគិនបរទេសនៅប្រទេសមួយនេះ ។
រដ្ឋាភិបាលនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោក Thuong បានបំពានបទបញ្ជាគណបក្ស ដែលកំហុសឆ្គងបែបនេះ ធ្វើឲ្យប៉ះពាល់អវិជ្ជមានដល់សាធារណមតិ ប៉ះពាល់កេរ្តិ៍ឈ្មោះបក្ស រដ្ឋ និងរូបលោកផ្ទាល់ ។
គណៈកម្មាធិការមជ្ឈិមបក្សដែលជាអង្គសម្រេចកំពូលនៅវៀតណាមគ្រប់គ្រងដោយគណបក្សកុម្មុយនិស្ត បានឯកភាពលើការលាលែងពីតំណែងរបស់លោក Thuong រយៈពេលប្រហែល ១ឆ្នាំប៉ុណ្ណោះ ក្រោយការបោះឆ្នោតជ្រើសតាំងរូបលោក ។
ជាទូទៅប្រធានាធិបតីវៀតណាម កាន់តួនាទីបែបពិធីការប៉ុណ្ណោះ ប៉ុន្តែវាស្ថិតនៅក្នុងចំណោមតំណែងនយោបាយកំពូលទាំង ៤នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ។
សេចក្តីថ្លែងការណ៍រដ្ឋាភិបាល ពុំបានបរិយាយលម្អិតពីកំហុសឆ្គងរបស់លោក Thuong នោះទេ ប៉ុន្តែការផ្លាស់ប្តូរថ្នាក់ដឹកនាំសំខាន់ៗនៅក្នុងរដ្ឋមានតែមួយបក្សកាលពីពេលថ្មីៗនេះ បានជាប់ពាក់ព័ន្ធទាំងអស់នឹងយុទ្ធនាការប្រឆាំងការស៊ីសំណូកទ្រង់ទ្រាយធំ ៕