
ក្រុមមន្រ្ដីបាននិយាយនៅថ្ងៃពុធនេះថា កម្មករអណ្ដូងរ៉ែ១២នាក់ បានស្លាប់ និង៨នាក់ទៀតត្រូវបានជួយសង្រ្គោះ បន្ទាប់ពីមានការផ្ទុះមួយនៅក្នុងអណ្ដូងរ៉ែធ្យូងថ្មមួយ នៅភាគខាងនិរតីរបស់ប្រទេសប៉ាគីស្ថាន។
វីដេអូដែលផ្ដល់ដោយអាជ្ញាធគ្រប់គ្រងគ្រោះមហន្ដរាយខេត្ដ បានបង្ហាញ មនុស្សជាច្រើននាក់ និងរថយន្ដសង្រ្គោះបន្ទាន់ជាច្រើនគ្រឿងស្ថិត នៅខាងក្រៅមន្ទីរពេទ្យមួយ ក្នុងខេត្ដហាណៃ(Harnai) ជាទីដែលឧបទ្ទហេតុបានកើតឡើង។
នាយកផ្នែកសង្រ្គោះនៅឯអង្គភាពគ្រប់គ្រងគ្រោះមហន្ដរាយខេត្ដ លោក អាប់ឌុល ហ្កានី បាឡូច (Abdul Ghani Baloch) បាននិយាយថា ក្រុមសង្រ្គោះបានរកឃើញសាកសព១២នាក់ ដោយបញ្ជាក់ថា អ្នកនៅរស់រានមានជីវិត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ប្រធានផ្នែកអធិការកិច្ចអណ្ដូងរ៉ែរបស់ខេត្ដបាននិយាយថា កម្មករអណ្ដូងរ៉ែ២០នាក់ បានស្ថិតនៅខាងក្នុងអណ្តូងរ៉ែ នៅពេលដែលឧស្ម័នមេតានផ្ទុះឡើងនៅពេលយប់នោះ។
កន្លែងរ៉ែធ្យូងថ្ម ត្រូវបានរកឃើញនៅតំបន់ភាគខាងលិចប្រទេសប៉ាគីស្ថាន ជាប់ព្រំដែនអាហ្វាហ្កានីស្ថាន ហើយឧបទ្ទវហេតុរ៉ែធ្យូថថ្មនេះ ក្លាយជារឿងធម្មតាទៅហើយ ជាពិសេសដោយសារតែការកើនឡើងនៃឧស្ម័ននៅទីនោះ៕