
រុស្ស៊ី នៅថ្ងៃពុធ (ទី២០ ខែមីនា) នេះ បាននិយាយថា ខ្លួនបានដឹងអំពីកិច្ចខិតខំប្រឹងប្រែងស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក ក្នុងការប្រើប្រាស់ប្រតិបត្តិករផ្កាយរណបពាណិជ្ជកម្ម ដូចជាក្រុមហ៊ុន SpaceX ជាដើម ហើយបានព្រមានថា ការធ្វើបែបនេះបានធ្វើឲ្យផ្កាយរណបរបស់ពួកគេក្លាយជាគោលដៅស្របច្បាប់។
សារព័ត៌មាន Reuters បានរាយការណ៍នៅខែនេះថា ក្រុមហ៊ុន SpaceX កំពុងបង្កើតបណ្តាញផ្កាយរណបចារកម្មរាប់រយ ក្រោមកិច្ចសន្យាសម្ងាត់ជាមួយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ដោយបង្ហាញពីទំនាក់ទំនងកាន់តែស៊ីជម្រៅ រវាងក្រុមហ៊ុនអវកាសរបស់លោក Elon Musk នេះ និងទីភ្នាក់ងារសន្តិសុខជាតិ។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងដឹងពីកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការទាក់ទាញវិស័យឯកជន ដើម្បីបម្រើមហិច្ឆតាអវកាសយោធារបស់ខ្លួន»។
លោកស្រី Zakharova បាននិយាយបន្ថែមថា ប្រព័ន្ធបែបនេះ «ក្លាយជាគោលដៅស្របច្បាប់ សម្រាប់វិធានការសងសឹក ក្នុងនោះរួមទាំងយោធា» ផងដែរ៕