
កសិករប៉ូឡូញបានបិទផ្លូវដោយប្រើត្រាក់ទ័រ នៅថ្ងៃពុធ (ទី២០ ខែមីនា) នេះ ដើម្បីបង្កើនការតវ៉ាប្រឆាំងនឹងបទប្បញ្ញត្តិបរិស្ថានរបស់សហភាពអឺរ៉ុប (EU) និងការនាំចូលអាហារតម្លៃថោកពីប្រទេសជិតខាងអ៊ុយក្រែន ដែលប្លុកនេះបានយល់ព្រមជាបណ្ដោះអាសន្នឲ្យបន្លាយពេលវេលាបន្ថែម។
ផ្ទាំងរូបភាពមួយបានបង្ហាញពីកសិករម្នាក់ដែលព្យួរកនៅជាប់នឹងកសិដ្ឋានខ្យល់ និងរូបពេជ្ឈឃាតដែលមាននិមិត្តសញ្ញាសហភាពអឺរ៉ុប ហើយនិងឃ្លាថា «កិច្ចព្រមព្រៀងបៃតងស្មើនឹងការស្លាប់នៃកសិកម្មប៉ូឡូញ»។
កសិករក្នុងប្រទេសប៉ូឡូញ និងកន្លែងផ្សេងទៀត ក្នុងប្លុកនេះ បាននាំគ្នាតវ៉ា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដើម្បីទាមទារការដំឡើងពន្ធគយឡើងវិញលើការនាំចូលកសិកម្មពីអ៊ុយក្រែន ដែលទទួលបានការលើកលែងបន្ទាប់ពីមានការលុកលុយរបស់រុស្ស៊ី ក្នុងឆ្នាំ២០២២។
ពួកគេនិយាយថា កសិករអ៊ុយក្រែនកំពុងធ្វើឲ្យអឺរ៉ុបលិចលង់ជាមួយនឹងការនាំចូលតម្លៃថោក ដែលធ្វើឲ្យពួកគេមិនអាចប្រកួតប្រជែងបាន។ កសិករក៏ចង់បានការផ្លាស់ប្តូរ ចំពោះការរឹតបន្តឹងដែលដាក់លើពួកគេដោយកិច្ចព្រមព្រៀងបៃតងដើម្បីដោះស្រាយបម្រែបម្រួលអាកាសធាតុរបស់ប្លុកនេះ។
រូបភាពរបស់សារព័ត៌មាន Reuters ពីភូមិ Zakret ភាគខាងកើតនៃទីក្រុងវ៉ាសូវី បានបង្ហាញកសិករបិទផ្លូវចូលទៅក្នុងរដ្ឋធានី។ ត្រាក់ទ័រជាច្រើនដែលមានទង់ជាតិប៉ូឡូញ បានតម្រង់ជួរនៅតាមផ្លូវ៕