គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦)ដឹកនាំដោយឯកឧត្តម អង្គ វឌ្ឍានា ប្រធានគណៈកម្មការ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ក្នុងបំណងឈ្វេងយល់ និងពិគ្រោះយោបល់លើការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ពាក់ព័ន្ធវិស័យយុត្តិធម៌។
ក្នុងជំនួបពិភាក្សាការងាររវាងគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ជាមួយគណ:ប្រតិភូក្រសួងយុត្តិធម៌បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែមីនាឆ្នាំ២០២៤ នាសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាតំណាងគណៈកម្មការជំនាញទាំង១០ នៃរដ្ឋសភា ។
ក្នុងជំនួបពិភាក្សានោះដែរឯកឧត្តម អង្គ វង្ស វឌ្ឍានា បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះគឺមិនមែនជាវេទិកាសួដេញដោលនោះ គឺជាកាជួបពិភាក្សាដើម្បីឈ្វេងយល់ពីការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណតំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសពាក់ព័ន្ធនិងវិស័យយុត្តិធម៌មានជាអាទិ៍:
១- ការបណ្តុះបណ្តាលធនធានមនុស្សនៃរាជបណ្ឌិតសភាវិជ្ជាជីវ:តុលាការ និងការបន្តផ្សព្វផ្សាយច្បាប់គោលថ្មីៗពាក់ព័ន្ធនឹងវិស័យយុត្តិធម៌ និងតុលាការ។
២- ការរៀបចំរចនាសម្ព័ន្ធតុលាការគ្រប់ជាន់ថ្នាក់ តុលាការជំនាញ និងរៀបចំនិងដំណើរការរបស់សាលាឧទ្ទរណ៍តំបន់។
៣- ការរៀបចំ និងដំណើរការនៃយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
៤- អំពីលទ្ធផលការងាររបស់ក្រុមការងារពិសេសតាមដាន និងត្រួតពិនិត្យការអនុវត្តច្បាប់សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តី ចំពោះសំណុំរឿងគ្រឿងញៀន ចរាចរណ៍ និងអត្រានុកូលដ្ឋាន។
៥- ចក្ខុវិស័យក្នុងការតាក់តែងសេចក្តីព្រាងច្បាប់ ឬវិសោធនកម្មច្បាប់មួយចំនួន ក្នុងការជួយពង្រឹងបន្ថែមដល់វិស័យយុត្តិធម៌។
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានមានប្រសាសជម្រាបជូនឯកឧត្តមប្រធានអង្គប្រជុំឱ្យដឹងថា តាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល រាជរដ្ឋាភិបាល នៅតែ បន្តចាត់ទុក “ការកែទម្រង់ច្បាប់ និង ប្រព័ន្ធយុត្តិធម៌” គឺជាអាទិភាពមួយដ៏សំខាន់របស់ខ្លួនសំដៅ ពង្រឹង និង លើកកម្ពស់ “នីតិរដ្ឋ” នៅកម្ពុជា ដែលជាមូលដ្ឋានដ៏សំខាន់ ក្នុងការធានាថែរក្សាស្ថិរភាព សង្គម សន្តិសុខ និង សណ្តាប់ធ្នាប់សាធារណៈការលើកកម្ពស់ការគោរពសិទ្ធិមនុស្ស និង ការ ពង្រឹង “យុត្តិធម៌នៅក្នុងសង្គមជាតិ” ដែលជាគ្រឹះសម្រាប់ភាពសុខសាន្តរបស់ប្រជាជន និង ការ អភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព ។ “ការកែទម្រង់ច្បាប់ និង ប្រព័ន្ធយុត្តិធម៌” ក៏ត្រូវបាន រៀបចំបញ្ចូលជាមុំមួយដ៏សំខាន់ក្នុងចំណោមមុំទាំង ៥ ដែលបង្កើតបានជាស្នូលនៃយុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សំដៅ “ពង្រឹង និង លើកកម្ពស់ប្រសិទ្ធភាពនៃច្បាប់ និងប្រព័ន្ធយុត្តិធម៌”នៅកម្ពុជា ។ ឯកឧត្តមបន្តថាចំពោះបញ្ហាការបណ្តុះបណ្តាលធនធានមនុស្សគឺក្រសួងបានលើកកម្ពស់ធនធានមនុស្សក្នុងវិស័យយុត្តិធម៌ទាំងបរិមាណ និងគុណភាពគឺជាអាទិភាពទី១ ក្នុងចំណោមអាទិភាពទាំង៦ នៃមុំទី៤ នៃស្នូលរបស់យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាពាក់ព័ន្ធនឹង “ការលើកកម្ពស់ និងការពង្រឹងប្រសិទ្ធភាពនៃច្បាប់ និង ប្រព័ន្ធយុត្តិធម៌” សំដៅបង្កើនប្រសិទ្ធភាពការងារក្នុងវិស័យយុត្តិធម៌ និងប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទទាំងក្នុងប្រព័ន្ធតុលាការ ទាំងក្រៅប្រព័ន្ធតុលាការ ។ ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន គឺជាក្តីកង្វល់រួមរបស់ជាតិ ព្រោះគ្រឿងញៀនបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមជាតិ និងប្រជាជនជាពិសេស សុខភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងបំផ្លាញដល់ធនធានមនុស្សរបស់កម្ពុជា ល្រសួងបានដាក់ចេញគោលការណ៍ ៣ កុំ និង ១រាយការណ៍ ក្នុងសំណុំរឿងគ្រឿងញៀន គឺ “កុំពាក់ព័ន្ធ, កុំអន្តរាគមន៍ និងកុំលើកលែង ។ រីឯបញ្ហាគ្រោះចរាចរណ៍គឺជាបញ្ហាកង្វល់របស់រាជរដ្ឋាភិបាលដែលកំពុងយកចិត្តទុកដាក់អនុវត្តច្បាប់ដោយរឹតបណ្តឹង ជាពិសេសតាមប្រសាសន៍ណែនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានដាក់បទបញ្ជាឱ្យគ្រប់ភាគីទាំងត្រូវធ្វើការដោះស្រាយរាល់នីតិវិធីឱ្យបានឆាប់ចំពោះសំណងដល់ជនរងគ្រោះក៏ដូចជានីតិវិធីផ្សេងៗអោយឆាប់រហ័ស ។ពាក់ព័ន្ធនឹងអន្រ្តានុកូលដ្ឋាននាពេលបច្ចុប្បន្នគឺមានភាពស្មុកស្មាញណាស់ ដោយមកដល់ពេលនេះសុំណុំរឿងដែលពាក់ព័ន្ធនឹងអន្ត្រានុកូលដ្ឋានក្រសួងបានជម្រូញឱ្យសាលាដំបូងទូទាំងប្រទេសត្រូវធ្វើការកែតម្រូវជូនបងប្អូនប្រជាពលរដ្ឋឱ្យបានឆាប់បំផុតដែលអាចធ្វើទៅបានដែលជាតម្រូវការចាំបាច់របស់ពួគាត់។
ក្រោយពីបានស្តាប់នៅបទបង្ហាញក៏ដូចជាសេចក្តីរាយការណ៍របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌រួចមក ឯកឧត្តម អង្គ វង្ស វឌ្ឍានា បានធ្វើការកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះការខិតខំកំណែទម្រង់របស់ក្រសួងយុត្តិធម៌ ទៅលើវិស័យយុត្តិធម៌ឱ្យមានភាពល្អប្រសើរស្របតាមយុទ្ធសាស្ត្របញ្ចកោណតំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសការកំណែទម្រង់នេះក៏ជាសាទររបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដែលអាចជាជំនឿជឿជាក់លើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ៕




