ក្នុងពិធីសម្ពោធ សមិទ្ធផលមជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដែលមានទីតាំងនៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២១ ខែមីនា ២០២៤នេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងដោយមោទនភាពថា រាជរដ្ឋាភិបាលមិនទុកជនមានពិការភាពណាម្នាក់ឱ្យនៅឯកោ ដោយគ្មានការជួយជ្រោមជ្រែងនោះឡើយ។
សម្តេចធិបតី បានបញ្ជាក់ថា ជាការពិតការងារក្នុងវិស័យពិការភាព ពិតជាមានសារៈសំខាន់ និងចាំបាច់ត្រូវមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន សង្គមស៊ីវិល និងសហគមន៍ និងបានលើកទឹកចិត្ត ដល់ក្រសួងស្ថាប័ន និងអង្គភាពថ្នាក់ក្រោមជាតិទាំងអស់សូមចូលរួមសហការស្របអភិក្រមចីរភាពនៃប្រព័ន្ធតួអង្គតែមួយ ដើម្បីអនុវត្តផែនការសកម្មភាពដែលបានដាក់ចេញសំដៅសម្រេចបានគោលដៅដែលបានកំណត់តាមស្មារតីនៃអង្គសន្និបាតរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទាកាលពីពេលថ្មីៗនេះ ។
សម្ដេចបន្តថា ការលើកកម្ពស់សិទ្ធិរស់រានមានជីវិត របស់ជនមានពិការភាពគឺជាការចាំបាច់ ដើម្បីធ្វើឲ្យបងប្អូនទាំងនោះ ទទួលបានសិទ្ធិដូចប្រជាជនខ្មែរដទៃទៀតដែលមិនមានពិការភាព រួមមានសិទ្ធិទទួលបានការអប់រំ ការថែទាំសុខភាព សេវាយុត្តិធម៌ និងការចូលរួមក្នុងសកម្មភាពសង្គម សាសនា កីឡាសិល្បៈ នយោបាយដោយពេញលេញនិងស្មើភាពគ្នាដោយគ្មានការរើសអើង៕



