ប្រធានាធិបតីប្រទេសម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានរិះគន់ខ្លាំងៗចំពោះច្បាប់រដ្ឋតិចសាស់ ដែលនឹងផ្តល់សិទ្ធិអំណាចដល់អាជ្ញាធរអនុវត្តច្បាប់របស់រដ្ឋ ដើម្បីចាប់ខ្លួនមនុស្សដែលត្រូវបានគេសង្ស័យថាបានឆ្លងកាត់ព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក ដោយខុសច្បាប់ ដោយនិយាយថា ប្រទេសម៉ិកស៊ិក នឹងមិនទទួលយកនណាម្នាក់ដែលត្រូវបាននិរទេសដោយរដ្ឋតិចសាស់ឡើយ។

លោក Lopez Obrador បានធ្វើសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធ នៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃរបស់លោក ដោយបាននិយាយថា ច្បាប់ ដែលត្រូវបានរារាំងជាថ្មីម្តងទៀតកាលពីល្ងាចថ្ងៃអង្គារដោយតុលាការឧទ្ធរណ៍សហព័ន្ធ ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីតុលាការកំពូលរបស់សហរដ្ឋអាមេរិកបានត្រួសត្រាយផ្លូវសម្រាប់ច្បាប់នេះឲ្យចូលជាធរមាន ដែលមានសភាពឃោឃៅ អមនុស្សធម៌ និងអយុត្តិធម៌។

ច្បាប់ដែលគេស្គាល់ថា S.B. 4 នឹងធ្វើឱ្យវាក្លាយជាបទព្រហ្មទណ្ឌរបស់រដ្ឋក្នុងការចូលមកដោយខុសច្បាប់ ឬចូលមករដ្ឋតិចសាស់ជាថ្មីពីក្រៅប្រទេស ហើយនឹងអនុញ្ញាតឱ្យចៅក្រមរដ្ឋ បង្គាប់ឱ្យអ្នកបំពានត្រូវចាកចេញពីសហរដ្ឋអាមេរិក ហើយអាចត្រូវកាត់ទោសឲ្យជាប់ពន្ធនាគាររហូតដល់ ២០ ឆ្នាំ សម្រាប់អ្នកដែលមិនព្រមអនុវត្តតាម។
អ្នករិះគន់វិធានការនេះបានចង្អុលបង្ហាញថា ជនអន្តោប្រវេសន៍ដែលឆ្លងកាត់ព្រំដែនអាចត្រូវបានចោទប្រកាន់រួចហើយពីបទចូលមកដោយខុសច្បាប់ ឬចូលមកជាថ្មី ក្រោមច្បាប់សហព័ន្ធ ហើយអ្នកតស៊ូមតិសម្រាប់ជនអន្តោប្រវេសន៍និយាយថា ច្បាប់របស់រដ្ឋអាចជំរុញមានការរើសអើងពូជសាសន៍។