ភ្នំពេញ៖ កម្ពុជាបានប្រកាសនៅថ្ងៃនេះពីការរកឃើញមនុស្សរហូតដល់ទៅ ៨៨៩នាក់បន្ថែមទៀត បានឆ្លងមេរោគកូវីដ-១៩ ហើយមនុស្ស ២៧នាក់ទៀត បានស្លាប់ដោយសារមេរោគផ្លូវដង្ហើមនេះផងដែរ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងសុខាភិបាលបញ្ជាក់ថា ករណីឆ្លងថ្មីដែលប្រកាសនៅថ្ងៃនេះ ត្រូវបានរកឃើញលើមនុស្ស ៦៨២នាក់ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ហើយករណីឆ្លងលើមនុស្ស ២០៧នាក់ផ្សេងទៀត គឺជាករណីនាំចូលពីក្រៅប្រទេស។
បើតាមក្រសួងសុខាភិបាល ករណីឆ្លងកូវីដ-១៩សរុបនៅក្នុងប្រទេសកម្ពុជា ត្រូវបានរកឃើញលើមនុស្សរហូតដល់ ៦៥ ៥០០នាក់ហើយគិតត្រឹមថ្ងៃនេះ។
ក្រសួងសុខាភិបាល ក៏បានឱ្យដឹងផងដែរថា មនុស្ស ២៧នាក់ទៀត បានស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលនាំតួលេខអ្នកស្លាប់កើនឡើងដល់ទៅ ១ ០៥២នាក់ហើយ នៅក្នុងរយៈពេលត្រឹមតែជាង ៤ខែប៉ុណ្ណោះ គិតចាប់តាំងពីពេលដែលកម្ពុជាប្រកាសករណីស្លាប់ដោយសារជំងឺកូវីដ-១៩ជាលើកដំបូងកាលពីថ្ងៃទី១១ ខែមីនាកន្លងមក។
ប៉ុន្តែ តួលេខកត់ត្រាដោយក្រសួងសុខាភិបាល បានឱ្យដឹងទៀតថា អ្នកជំងឺកូវីដ-១៩សរុបដល់ទៅ ៥៧ ០២៧នាក់ ត្រូវបានព្យាបាលជាសះស្បើយឡើងវិញ ក្នុងនោះមានទាំងអ្នកជាសះស្បើយថ្មីចំនួន ៨៤៩នាក់ទៀត ដែលក្រសួងទើបប្រកាសនៅថ្ងៃនេះផងដែរ៕
