ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក Jake Sullivan បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងគីវ កាលពីថ្ងៃពុធថា កញ្ចប់ជំនួយដ៏សំខាន់របស់សហរដ្ឋអាមេរិក ដែលត្រូវបានរារាំងដោយគណបក្សសាធារណរដ្ឋ អស់រយៈពេលជាច្រើនខែមកនោះ នឹងទៅដល់ប្រទេសអ៊ុយក្រែន ហើយបានប្តេជ្ញាថា ការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោន នឹងនៅបន្ត។

ជំនួយសំខាន់ៗរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន បានជាប់គាំងនៅក្នុងសភាចាប់តាំងពីចុងឆ្នាំមុន ដោយបានដាក់សម្ពាធបន្ថែមទៀតលើកងទ័ពអ៊ុយក្រែនដែលអស់អាវុធ ខណៈកំពុងប្រយុទ្ធជាមួយសត្រូវប្រដាប់អាវុធរយៈពេលពីរឆ្នាំកន្លងទៅនេះ ចាប់តាំងពីរុស្ស៊ី ចាប់ផ្តើមការវាយលុកទ្រង់ទ្រាយពេញលេញ។
លោក Sullivan បានថ្លែងក្នុងសន្និសីទសារព័ត៌មានរួមមួយ បន្ទាប់ពីជួបជាមួយនាយសេនាធិការរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Andriy Yermak ដោយពុំបានកំណត់ពេលវេលាសម្រាប់ការមកដល់នៃជំនួយនោះទេ ប៉ុន្តែបាននិយាយថា មិនចាំបាច់និយាយអំពី «ផែនការ B» ដែលទំនងជាច្រានចោលគំនិតដែលថាជំនួយអាចត្រូវបានផ្តល់ឲ្យជាទម្រង់នៃប្រាក់កម្ចី។

ប្រទេសចិនដែលជាប្រទេសមានសេដ្ឋកិច្ចលំដាប់ទី២របស់ពិភពលោក ត្រូវបានគេមើលឃើញថាជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី និងមានទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងស៊ីជម្រៅជាមួយទីក្រុងមូស្គូ។ ការចូលរួមរបស់ប្រទេសនេះក្នុងកិច្ចប្រជុំកំពូល នឹងត្រូវបានគេមើលឃើញថាជាការទទួលជ័យជម្នះផ្នែកការទូតដ៏ធំមួយសម្រាប់អ៊ុយក្រែន។
កងទ័ពរុស្ស៊ី បានចូលកាន់កាប់ច្រើនជាងមួយភាគប្រាំមួយនៃទឹកដីរបស់អ៊ុយក្រែន ហើយកំពុងវាយលុកម្តងទៀត បន្ទាប់ពីបានទប់ទល់ការវាយបករបស់អ៊ុយក្រែនកាលពីឆ្នាំមុន។
ទីក្រុងមូស្គូ បាននឹងកំពុងរុលចូលទៅមុខនៅភាគខាងកើត ខណៈ កងទ័ពអ៊ុយក្រែនប្រឈមមុខទៅនឹងកង្វះកាំភ្លើងធំ និងបញ្ហាកម្លាំងមនុស្ស។