កងទ័ពប្រទេសអ៊ីស្រាអែល បានបញ្ចេញវីដេអូ កាលពីថ្ងៃពុធ ដោយនិយាយថាកងទ័ពបានរកឃើញ លុយ និងអាវុធសម្រាប់ធ្វើប្រតិបត្តិការរបស់ក្រុមហាម៉ាស នៅក្នុងមន្ទីរពេទ្យ Al Shifa តំបន់ហ្កាហ្សា។
វីដេអូចែកចាយ បង្ហាញពីអ្នកនាំពាក្យរបស់កងកម្លាំងការពារជាតិអ៊ីស្រាអែល(IDF) លោក Daniel Hagari ដោយនិយាយថាទាហានបានជួបប្រទះ និងបានប្រយុទ្ធជាមួយក្រុមភេរវករហាម៉ាស និងក្រុមជីហាតអ៊ីស្លាម នៅក្នុងបរិវេណនោះ។

វីដេអូកងទ័ព បានបង្ហាញពីអាវុធជាច្រើនដែលតាមការចោទប្រកាន់ថា បានរកឃើញនៅក្នុងមន្ទីពេទ្យ Al Shifa ។
កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ ឃើញមានការកើនឡើងការប្រយុទ្ធគ្នានៅតំបន់ភាគខាងជើងតំបន់ហ្កាហ្សា ដែលថតបានដោយកងកម្លាំងអ៊ីស្រាអែលនៅក្នុងសង្រ្គាម រួមទាំងនៅមន្ទីរពេទ្យ Al Shifa ជាមន្ទីរពេទ្យធំបំផុតនៅតំបន់ហ្សា។
យោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានសម្លាប់ខ្មាន់កាំភ្លើងប្រហែល ៩០ នាក់ និងចាប់ខ្លួនមនុស្ស១៦០នាក់ ក្នុងការវាយឆ្មក់លើមន្ទីរពេទ្យ Al Shifa តំបន់ហ្កាហ្សា ជាការចោទប្រកាន់ដែលក្រុមហាម៉ាសអ៊ីស្លាមនិយម បានបដិសេធ។

លោក Hagari បាននិយាយនៅក្នុងវីដេអូរបស់កងទ័ពដែលសំដៅទៅលើប្រតិបត្តិកររបស់ក្រុមហាម៉ាសថា ក្រុមនេះនៅតែលាក់ខ្លួននៅក្នុងអគារមន្ទីពេទ្យ នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ដោយប្រើប្រាស់អ្នកជំងឺ និងក្រុមគ្រូពេទ្យជាខែលការពារ។
ការវាយឆ្មក់របស់អ៊ីស្រាអែលនៅមន្ទីរពេទ្យ បានចាប់ផ្តើមកាលពីថ្ងៃចន្ទ។ យោធាបាននិយាយថា ខ្លួនបានបញ្ជូនកងកម្លាំងពិសេសគាំទ្រដោយកងទ័ពជើងគោក និងរថក្រោះ ដោយផ្អែកលើការស៊ើបការណ៍សម្ងាត់ថា មន្ទីរពេទ្យនេះត្រូវបានខ្មាន់កាំភ្លើងប្រើប្រាស់ម្តងទៀត។