ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានជួបប្រជុំគ្នា កាលពីថ្ងៃពុធ ដើម្បីដោះស្រាយស្ថានភាពមនុស្សធម៌ ដែលកំពុងកើតឡើងនៅក្នុងប្រទេសស៊ូដង់។ លោក អេដឹម វូសននូ(Edem Wosornu) នាយកប្រតិបត្តិការនៃការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ បាននិយាយថា ប្រទេសនេះ ប្រហែលជាស្ថិតក្នុងដំណើរឆ្ពោះទៅរកវិបត្តិអត់ឃ្លានធ្ងន់ធ្ងរបំផុតរបស់ពិភពលោក។

លោក Wosornu បាននិយាយថា ដៃគូមនុស្សធម៌របស់យើង ប៉ាន់ប្រមាណថា ក្នុងប៉ុន្មានសប្តាហ៍ខាង និងប៉ុន្មានខែខាងមុខនេះ នៅតាមទីកន្លែងក្នុងតំបន់នឹងមានកុមារប្រហែល ២២២.០០០នាក់ អាចស្លាប់ដោយសារកង្វះអាហារូបត្ថម្ភ។

សង្គ្រាមស៊ីវិល បានផ្ទុះឡើងរយៈពេលពីរឆ្នាំ បន្ទាប់ពីប្រទេសនេះបានទទួលឯករាជ្យ ដែលបានបណ្តាលឱ្យមនុស្សរាប់សែននាក់បានស្លាប់នៅចន្លោះឆ្នាំ ២០១៣ និងឆ្នាំ២០១៨។
សន្តិភាពដ៏ផុយស្រួយមួយបានកើតមានឡើង រវាងក្រុមបះបោរ ចាប់តាំងពីពេលនោះមក ប៉ុន្តែការប៉ះទង្គិចគ្នានៅតែបន្តក្នុងចំណោមក្រុមប្រដាប់អាវុធ។ សកម្មជនមួយចំនួននិយាយថា ពួកគេជឿថាការកើនឡើងនៃការសម្លាប់នាពេលថ្មីៗនេះ មានជាប់ទាក់ទង មួយផ្នែកទៅនឹងការបោះឆ្នោត ដែលនឹងជ្រើសរើសមេដឹកនាំដើម្បីបន្តតំណែងរដ្ឋាភិបាលអន្តរកាលបច្ចុប្បន្ន។
មនុស្សជាង ១៥០នាក់ ត្រូវបានសម្លាប់នៅចុងខែមករា និងដើមខែកុម្ភៈ នៅភាគខាងជើង និងខាងលិចប្រទេសស៊ូដង់ខាងត្បូង ក្នុងជម្លោះរវាងក្រុមគូប្រជែង។ សហរដ្ឋអាមេរិក អង់គ្លេស និងប្រទេសន័រវេស បានអំពាវនាវឱ្យមេដឹកនាំប្រទេសស៊ូដង់ខាងត្បូង ចាត់វិធានការបន្ទាន់ដើម្បីធានាឱ្យមានការបោះឆ្នោតពិតប្រាកដ និងដោយសន្តិវិធី។