ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា កងកម្លាំងអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនបី នាក់ និងម្នាក់ទៀត បានរងរបួស នៅក្នុងការវាយប្រហារតាមអាកាសកាលពីថ្ងៃពុធ នៅក្នុងទីក្រុងជេនីន (Jenin)នៃតំបន់វេសបែងដែលកាន់កាប់ដោយអ៊ីស្រាអែល ជាអ្វីដែលយោធាអ៊ីស្រាអែល បានអះអាងថា គឺជាប្រតិបត្តិការមួយសំដៅទៅលើក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។

យោធាអ៊ីស្រាអែល បាននិយាយថា យន្តហោះមួយគ្រឿង បានវាយប្រហារលើយុទ្ធជនប៉ាឡេស្ទីនចំនួន៤ នាក់ជិះក្នុងរថយន្តមួយគ្រឿង ក្នុងតំបន់ជេនីន ក្នុងចំណោមពួកគេនោះ ពីរនាក់ គឺជាសមាជិកជាន់ខ្ពស់នៃក្រុមជីហាដអ៊ីស្លាម ដែលបានដឹកនាំការវាយប្រហារលើជនជាតិអ៊ីស្រាអែល។
លោក ម៉ាខ្មូដ ហ្គ្រាយយីប (Mahmoud Ghrayyeb) អ្នកស្រុកនៃជំរំជនភៀសខ្លួនជេនីន ដែលបាននិយាយថា ខ្លួនបានឃើញហេតុការណ៍តាមរយៈកាមេរ៉ាឃ្លាំមើល បានបញ្ជាក់ថា ការវាយប្រហារនោះ បានត្រូវចំរថយន្តនោះ នៅម៉ោងប្រហែល៥:៣៧ល្ងាច។ នៅពេលដែលចរាចរណ៍មានភាពមមាញឹក នៅមុនពេលទទួលទានអាហារក្នុងអំឡុងខែដ៏ពិសិដ្ឋនៃពិធីបុណ្យសាសនាមូស្លីមរ៉ាម៉ាដាន។
លោកបាននិយាយថា៖«យើងបានឃើញអវយវៈរបស់អ្នកដែលត្រូវគេវាយប្រហារនោះខ្ទាត់ទៅលើផ្លូវ»។ បុរសម្នាក់ និងប្រពន្ធរបស់ខ្លួននៅក្នុងរថយន្តមួយផ្សេងទៀតដែលបើកឆ្លងកាត់ ពួកគេត្រូវបានសង្គ្រោះដោយអព្ភូតហេតុមួយ»។
វីដេអូពីកាមេរ៉ាសុវត្ថិភាពរបស់លោកហ្គ្រាយយីប ដែលត្រូវបានចែករំលែកជាមួយសារព័ត៌មានរ៉យទ័រ បានបង្ហាញថា រថយន្តមួយគ្រឿងនៅលើផ្លូវដ៏មមាញឹកមួយភ្លាមៗនោះ ត្រូវបានឆាបឆេះដោយអណ្តាតភ្លើង ហើយបានរលត់បាត់ទៅវិញ។ ចំណែករថយន្តមួយគ្រឿងទៀតដែលគេឃើញបើកមកពីទិសដៅផ្ទុយគ្នានោះ ក៏បានឈប់ ហើយបើកត្រឡប់ក្រោយវិញ។