មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃពុធថា ការឆ្លើយតបរបស់អ៊ីស្រាអែលចំពោះសំណើបទឈប់បាញ់ហ្កាហ្សាចុងក្រោយរបស់ខ្លួន គឺអវិជ្ជមាន បន្ទាប់ពីក្រុមអ្នកសម្រុះសម្រួល បានប្រគល់វាត្រឡប់មកវិញនោះ។

អ្នកសម្រុះសម្រួល លោក អូសាម៉ា ហាមដាន (Osama Hamdan) បានប្រាប់សន្និសីទសារព័ត៌មាន នៅទីក្រុងបេរូត (Beirut)ថា៖«កាលពីល្ងាចថ្ងៃអង្គារ បងប្អូនយើង ដែលជាអ្នកសម្រុះសម្រួល បានជូនដំណឹងដល់យើងអំពីជំហរកាន់កាប់របស់អ៊ីស្រាអែលលើសំណើនេះ…វាគឺជាការឆ្លើយតបអវិជ្ជមានជាទូទៅ ហើយមិនឆ្លើយតបទៅនឹងការទាមទារនោះទេ.. តាមពិតទៅ អ៊ីស្រាអែល បានដកការយល់ព្រមដែលខ្លួនបានផ្តល់ឲ្យពីមុនមកនោះ»។
លោកបាននិយាយថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកបេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) និងរដ្ឋាភិបាលរបស់ខ្លួនទទួលខុសត្រូវចំពោះការបរាជ័យក្នុងការចរចារដោះលែងចំណាប់ថ្នូរ ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន និងបញ្ឈប់ការប្រយុទ្ធគ្នា នៅតំបន់ហ្កាហ្សា។
កិច្ចពិភាក្សាស្តីពីបទឈប់បាញ់ បានបន្តនៅសប្តាហ៍នេះ ក្នុងប្រទេសកាតា ប៉ុន្តែការចរចាជាច្រើនសប្តាហ៍មកទល់ពេលនេះ បានបរាជ័យក្នុងការបង្កើតកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលទីក្រុងវ៉ាស៊ីនតោន សង្ឃឹមថា នឹងកាត់បន្ថយវិបត្តិមនុស្សធម៌ ដែលកំពុងរួបរឹតតំបន់ហ្កាហ្សា។