អាជ្ញាធរជាតិអប្សរាបានអះអាងថា ភ្ញៀវទេសចរចម្រុះជាតិសាសន៍ប្រមាណជាងមួយម៉ឺននាក់ បានចូលមកទស្សនាទិដ្ឋភាពព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ដ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ ។
ភ្ញៀវទេសចរខ្លះបានអង្គុយរង់ចាំ នៅបរិវេណច្រាំងកសិន្ធុខាងមុខប្រាសាទ ខ្លះចូលមកអង្គុយត្រៀបត្រានៅបណ្តាល័យ និងខ្លះទៀតឈរង់ចាំនៅលើរានហាល ក្បែរស្រះទឹកខាងជើង និងខាងត្បូងនៃប្រាសាទ ដើម្បីរង់ចាំទស្សនាទិដ្ឋភាព និងផ្តិតយករូបភាព ដ៏អស្ចារ្យថ្ងៃរះនៅប្រាសាទអង្គរវត្ត។

ភ្ញៀវទេសចរអន្ដរជាតិមកពីសហរដ្ឋអាមេរិក បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល និងសប្បាយចិត្ដយ៉ាងខ្លាំង ពេលមកដល់ប្រាសាទអង្គរដោយបានលើកឡើងថា ព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទ ពិតជាអស្ចារ្យ និងមានភាពស្រស់ស្អាត ដែលប្រទេសដទៃទៀតមិនអាចប្រៀបផ្ទឹមបាន។ ភ្ញៀវទេសចរដដែលបានបន្ដថា នេះជាលើកទីមួយហើយដែលបាន ប្រទេសកម្ពុជាមានប្រជាពលរដ្ឋច្រើនកុះករ ទៅទស្សនាថ្ងៃរៈនាពេលព្រឹកព្រលឹម។
ដោយឡែក ភ្ញៀវទេសចរជាតិ ក៍បានលើកឡើងថា ទោះបីជាធ្លាប់បានមកទស្សនាប្រាសាទអង្គរវត្តជាច្រើនលើកក៏ដោយ តែនេះជាលើកទីមួយហើយ បានចូលមកទស្សនាថ្ងៃរះចាប់ពីម៉ោង៥ព្រឹក ហើយបានឃើញភាពស្រស់ស្អាតនៃថ្ងៃរះនៅលើកំពូលប្រាសាទអង្គរវត្ត ឆ្លុះជាមួយស្រះទឹកបញ្ចេញពន្លឺពណ៌មាសស្របពេលមានទេសភាពសម្រស់ខៀវខ្ចី នៃរុក្ខជាតិ ក្នុងបរិវេណអង្គរ។ ពួកគាត់បានលើកឡើងថា ពិតជាមិនខកបំណងឡើយដែលខ្លួនចំណាយពេលដើម្បីមករង់ចាំទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្ត។
លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា នាថ្ងៃទី២១ ខែមីនាឆ្នាំ២០២៣ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋខេត្តសៀមរាប បានមកទស្សនាថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្តមានចំនួនប្រមាណជាងមួយម៉ឺននាក់ ក្នុងចំណោមនោះភ្ញៀវទេសចរអន្ដរជាតិជាង២៥០០នាក់ និងភ្ញៀវជាតិក៏ដូចជាប្រជាពលរដ្ឋមានចំនួនប្រមាណ ៧៥០០នាក់។
សូមជម្រាបជូនថា ព្រឹត្ដិការណ៍ថ្ងៃរះចំកណ្ដាលប្រាសាទអង្គរ ឬហៅថា សមរាត្រី (Equinox) កើតឡើងចំនួន២ដង ជារៀងរាល់ឆ្នាំ គឺសមរាត្រីរដូវប្រាំង (វសន្តរដូវ) កើតឡើងនៅថ្ងៃទី២១ ខែមីនា និងសមរាត្រីរដូវវស្សាកើតឡើងនៅថ្ងៃទី២២ ខែកញ្ញា៕




