ប្រធានាធិបតីអ៊ុយក្រែន លោក វ្លូឌីមី ហ្ស៊េឡិនស្គី (Volodymyr Zelenskiy) កាលពីថ្ងៃពុធ (២០ មីនា) បានជំរុញបណ្ដាមេដឹកនាំពិភពលោក ឱ្យរៀបចំសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ «ឱ្យដំណើរការម្តងទៀត» ដោយក្រោកឈរឡើងប្រឆាំងចំពោះការប្រើប្រាស់កម្លាំងរបស់រុស្ស៊ី។

នៅក្នុងវីដេអូសុន្ទរកថាទៅកាន់សន្និសិទពិភពលោក ដែលរៀបចំដោយកូរ៉េខាងត្បូង លោក ហ្ស៊េឡិនស្គី ដែលប្រទេសរបស់ខ្លួនត្រូវបានឈ្លានពានដោយរុស្ស៊ី ក្នុងឆ្នាំ២០២២ បាននិយាយថា បណ្ដាប្រទេស និងតំបន់ជាច្រើននៃពិភពលោក នឹងទទួលបានអត្ថប្រយោជន៍ពីការស្ដារនីតិរដ្ឋអន្តរជាតិ។

លោកបានប្រាប់កិច្ចប្រជុំកំពូលលទ្ធិប្រជាធិបតេយ្យ (Summit for Democracy) ដែលជាគំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) ក្នុងគោលបំណងពិភាក្សារកវិធីបញ្ឈប់ជំហានថយក្រោយរបស់លទ្ធិប្រជាធិបតេយ្យ និងការសឹករិចរឹលនៃសិទ្ធិ និងសេរីភាព ថា «យើងត្រូវតែរួមគ្នាធ្វើឱ្យកងកម្លាំងដ៏ឆ្កួតលីលា ត្រលប់មកគោរពច្បាប់ ហើយធ្វើឱ្យច្បាប់ដំណើរការម្តងទៀត»។

ទីក្រុងគីវ និងបណ្ដាដៃគូលោកខាងលិចរបស់ខ្លួន បានចោទប្រកាន់រុស្ស៊ី ថាបានប្រើលេសមិនពិតដើម្បីធ្វើសង្រ្គាមមិនសមហេតុផលនៃការដណ្តើមអាណានិគមនៅអ៊ុយក្រែន។ រុស្ស៊ីនិយាយថា ខ្លួនបានបញ្ជូនទាហានទៅអ៊ុយក្រែនកាលពីពីរឆ្នាំមុន នៅក្នុង «ប្រតិបត្តិការយោធាពិសេស» ដើម្បីធានាសន្តិសុខរបស់ខ្លួន៕