បាល់ទាត់៖ ក្លិបអាល្លឺម៉ង់ Borussia Dortmund បានប្រកាសពីជំហរមិនលក់ខ្សែប្រយុទ្ធរបស់ខ្លួន Erling Braut Haaland ឡើយនៅរដូវក្តៅខាងមុខ។ ក្លិបក៏បានបញ្ជាក់ដែរថា ក្លិបអង់គ្លេសតោខៀវ Chelsea ពិតជាមានចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធណ័រវេយរូបនេះ។

មកដល់ពេលនេះ Chelsea មិនទាន់ដាក់សំណើផ្លូវការណាមួយមកកាន់ Dortmund នៅឡើយក្នុងការចង់បានកីឡាករវ័យ ២១ឆ្នាំរូបនេះ តែអ្នកចាត់ការ Chelsea លោក Thomas Tuchel កំពុងសម្លឹងរកអតីតខ្សែប្រយុទ្ធ Salzburg រូបនេះបន្ទាប់ពីរកបានដល់ទៅ ២០គ្រាប់ក្នុងការបង្ហាញខ្លួននៅ UEFA Champions League ១៦ប្រកួតប៉ុណ្ណោះ។ ក្រៅពី Chelsea ក៏មាន Manchester City ដែលបង្ហាញជំហរចង់បាន Haaland ផងដែរបន្ទាប់ពីការចាកចេញរបស់ Sergio Aguero។ សូមបញ្ជាក់ថា Dortmund ទើបតែបញ្ចេញកីឡាករសំខាន់ម្នាក់របស់ខ្លួនផងដែរគឺ Jadon Sancho ផ្ទេរមកកាន់ Manchester United ក្នុងតំលៃ ៧៣លានផោន៕
អត្ថបទ៖នាង សុភាវុធ