ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃពុធ (២០ មីនា) ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក ទទួលស្គាល់រដ្ឋ អារូណាចាល ប្រាដេស (Arunachal Pradesh) ថាជាផ្នែកមួយនៃប្រទេសឥណ្ឌា និង «ប្រឆាំងយ៉ាងខ្លាំង» រាល់ការប៉ុនប៉ងជាឯកតោភាគីក្នុងការជំរុញការទាមទារទឹកដី ឬការទន្ទ្រានដោយយោធា ឬជនស៊ីវិល ឆ្លងកាត់បន្ទាត់នៃការគ្រប់គ្រងជាក់ស្តែង នៅក្នុងរដ្ឋភាគឦសានប្រទេសឥណ្ឌា ដែលមានព្រំដែនជាមួយប្រទេសចិន។

ប្រទេសជិតខាង ដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរ ចិន និងឥណ្ឌា មានព្រំប្រទល់ប្រវែង ៣.០០០ គីឡូម៉ែត្រជាមួយគ្នា ដែលភាគច្រើននៃទឹកដីព្រំដែនទាំងនោះមិនត្រូវបានកំណត់ច្បាស់លាស់ទេ។ យ៉ាងហោចណាស់ទាហានឥណ្ឌា ២០ នាក់ និងទាហានចិន ៤ នាក់ ត្រូវបានសម្លាប់ក្នុងឆ្នាំ ២០២០ ក្នុងការប៉ះទង្គិចតាមព្រំដែនរបស់ពួកគេនៅតំបន់ភ្នំហិម៉ាឡៃភាគខាងលិចមួយនេះ។

ប្រទេសចិន បានទាមទាររដ្ឋ អារូណាចាល ប្រាដេស ថាជាផ្នែកនៃភាគខាងត្បូងតំបន់ទីបេ របស់ខ្លួន ប៉ុន្តែទីក្រុង ញ៉ូវដេលី បដិសេធការអះអាងនេះ ដោយនិយាយថារដ្ឋភាគឦសានមួយនេះ តែងតែជាផ្នែកមួយនៃប្រទេសឥណ្ឌាជានិច្ច។

ក្រសួងការបរទេសឥណ្ឌា បាននិយាយកាលពីថ្ងៃអង្គារថាប្រទេសចិន កំពុងធ្វើ «ការអះអាងមិនសមហេតុផល» លើរដ្ឋ អារូណាចាល ប្រាដេស ដោយបន្ថែមថារដ្ឋនេះនឹងតែងតែជា «ផ្នែកសំខាន់ និងមិនអាចកាត់ផ្តាច់បានរបស់ឥណ្ឌា»៕