ប្រទេសវៀតណាម កំពុងស្វែងរកប្រធានាធិបតីទីបីរបស់ខ្លួនក្នុងរយៈពេលត្រឹមតែជាងមួយឆ្នាំ បន្ទាប់ពីបក្សកុម្មុយនិស្ត ដែលកំពុងកាន់អំណាចរបស់ខ្លួន កាលពីថ្ងៃពុធ (២០ មីនា) បានបង្ខំឱ្យមានការលាលែងពីតំណែងរបស់លោកប្រធានាធិបតី វ៉ូ វ៉ាន់ ធឿង (Vo Van Thuong) ដែលទើបតែត្រូវបានជាប់ឆ្នោតកាលពីឆ្នាំមុន បន្ទាប់ពីការបណ្តេញចេញភ្លាមៗពីអ្នកកាន់តំណែងពីមុនរបស់លោក។

លោក ធឿង វ័យ ៥៣ ឆ្នាំត្រូវបានចោទប្រកាន់ពីបទបំពានច្បាប់គណបក្ស នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃពុធ ដែលមិនបានបញ្ជាក់ច្បាស់ថាលោកបានធ្វើខុសអ្វីនោះទេ។ លោកបានលាលែងពីតំណែងរយៈពេលប៉ុន្មានថ្ងៃ បន្ទាប់ពីនគរបាលបានប្រកាសការចាប់ខ្លួនពីបទពុករលួយកាលពីមួយទសវត្សរ៍មុនរបស់អតីតប្រមុខខេត្ត ក័ង ងៃ (Quang Ngai) ភាគកណ្តាលរបស់វៀតណាម ដែលបានបម្រើការ កាលលោក ធឿង ជាប្រធានបក្សនៅទីនោះ។

គេរំពឹងថាសភាវៀតណាម នឹងតែងតាំងប្រធានាធិបតីស្តីទី រហូតដល់គណបក្សសម្រេចជ្រើសរើសបេក្ខជនប្រធានាធិបតីបន្ទាប់។ ជម្រើសដែលទំនងបំផុត គឺអនុប្រធានាធិបតី លោកស្រី វ៉ូធី អាញ់ស័ន (Vo Thi Anh Xuan) ដែលធ្លាប់បានកាន់តំណែងបណ្ដោះអាសន្នកាលពីឆ្នាំមុន ជំនួសតំណែងអតីតប្រធានាធិបតី លោក ង្វៀន ស័ន ហ្វុក (Nguyen Xuan Phuc) ដែលត្រូវបានបណ្តេញចេញពីតំណែងភ្លាមៗ។
យោងតាមអ្នកវិភាគជាច្រើនបានឱ្យដឹងថា បេក្ខជននាំមុខគេសម្រាប់តំណែងអចិន្ត្រៃយ៍ រួមមានរដ្ឋមន្ត្រីសន្តិសុខសាធារណៈដ៏មានឥទ្ធិពល លោក តូ ឡាំ (To Lam) និងសមាជិកបក្សកុម្មុយនិស្តកាន់អំណាច លោកស្រី ទ្រឿង ធីម៉ៃ (Truong Thi Mai)៕