អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំសហភាពមីយ៉ាន់ម៉ា បាននិយាយកាលពីថ្ងៃពុធ ទី២០មីនា ថា របបយោធាកំពុងប្រឈមនឹងការគំរាមកំហែងដែលមានស្រាប់ ប៉ុន្តែពិភពលោកអាចជួយបញ្ចប់សុបិន្តអាក្រក់ របស់ខ្លួន ដោយការការដាក់ទណ្ឌកម្មដែលបានសម្របសម្រួល។

លោក ថូម អែនឌ្រូ (Tom Andrews)និយាយថា ការស្លាប់យ៉ាងច្រើនក្នុងចំណោមកងកម្លាំងរបស់របបសឹក ព្រមទាំងការរត់ចោលជួរ ការទម្លាក់អាវុធសុំចុះចាញ់ និង បញ្ហាប្រឈមលើការកែណ្ឌកម្លាំងថ្មី បាននាំឲ្យមានការធ្លាក់ចុះចំនួនកងទ័ព រុញឲ្យមានការគំរាមកំហែងដែលមានស្រាប់កាន់តែច្រើនសម្រាប់យោធាមីយ៉ាន់ម៉ា។
លោកនិយាយថា អ្នកទាំងឡាយ ដែលបានភ្នាល់ ថា របបសឹកនេះអាចស្ដារសណ្ដាប់ធ្នាប់ និងស្ថិរភាពនៅក្នុងសហភាពមីយ៉ាន់ម៉ា បានប្រាកដជាចាញ់។

របបសឹកនេះ បានឡើងកាន់អំណាចក្នុងរដ្ឋប្រហារយោធាកាលពីខែកុម្ភៈឆ្នាំ២០២១ ដែលបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតប្រជាធិបតេយ្យលោកស្រី អ៊ុង សានស៊ូជី ឈានដល់ការបញ្ចប់ការសាកល្បងរបស់របបប្រជាធិបតេយ្យដ៏ក្មេងខ្ចីរយៈពេល១០ឆ្នាំ និងបានរុញទម្លាក់ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះឲ្យធ្លាក់ក្នុងភាពចលាចលដ៏បង្ហូរឈាម ដែលមានមនុស្សរាប់ពាន់នាក់បានស្លាប់។

របបសឹកនេះ កំពុងព្យាយាមលុបបំបាត់ការតស៊ូប្រឆាំងខ្លួនជាយូរមកហើយ ពីសំណាក់ក្រុមឧទ្ទាមជនជាតិភាគតិច និង កងកម្លាំងការពារប្រជាជនគាំទ្រលទ្ធិប្រជាធិបតេយ្យទើបកកើតថ្មី។
លោក Andrews បាននិយាយថា យោធាសហភាពមីយ៉ានម៉ា គឺជាកត្តាដ៏សំខាន់បំផុត ដែលជំរុញឲ្យមានអំពើហិង្សា អស្ថិរភាព ការដាំក្បាលចុះផ្នែកសេដ្ឋកិច្ច និងភាពអាណាធិបេតេយ្យគ្មានច្បាប់ទម្លាប់នៅក្នុងប្រទេស៕