រដ្ឋមន្ត្រីការបរទេសប៉ូឡូញ Radoslaw Sikorski បានផ្តល់ការគាំទ្ររបស់ខ្លួនសម្រាប់អ៊ុយក្រែន ក្នុងការមានមីស៊ីលតម្រង់គោលដៅ Taurus ហើយបានចោទប្រកាន់អាល្លឺម៉ង់ពីការស្ទាក់ស្ទើរ ក្នុងការផ្តល់ប្រព័ន្ធសព្វាវុធថ្មីនេះ ទៅកាន់តំបន់សង្រ្គាម។

លោក Sikorski បានប្រាប់សារព័ត៌មាន dpa នៅក្នុងបទសម្ភាសន៍មួយថា ការផ្តល់មីស៊ីល Taurus ដែលមានរយៈចម្ងាយ ៥០០ គីឡូម៉ែត្រ នឹងជួយពង្រឹងសមត្ថភាពរបស់អ៊ុយក្រែនឲ្យកាន់តែខ្លាំង ក្នុងការការពារខ្លួន។
លោកបាននិយាយថា៖«ជាមួយនឹងមីស៊ីលរបស់អង់គ្លេស និងអាមេរិក អ៊ុយក្រែនអាចបង្ខំជនជាតិរុស្សីឲ្យផ្លាស់ទីមជ្ឈមណ្ឌលដឹកជញ្ជូន កន្លែងស្តុកគ្រាប់រំសេវ មជ្ឈមណ្ឌលបញ្ជា និងគ្រប់គ្រង បណ្តាញតំណភ្ជាប់ដឹកជញ្ជូនរបស់ពួកគេ ទៅកាន់តែឆ្ងាយពីជួរមុខ ហើយមីស៊ីលរបស់អាល្លឺម៉ង់ នឹងបង្ខំពួកគេឲ្យទៅកាន់តែឆ្លាយថែមទៀត។
លោក Sikorski បានរិះគន់ដំណើរការធ្វើការសម្រេចចិត្តដ៏យូរ នៅក្នុងរដ្ឋាភិបាលអាល្លឺម៉ង់។

លោកបាននិយាយថា ទីក្រុងប៊ែរឡាំងមាន «ហេតុផលជាប្រវត្តិសាស្ត្រដែលព្រួយបារម្ភអំពីការបញ្ជូនគ្រឿងយុទ្ធោបករណ៍ ឬកងទ័ពទៅអ៊ុយក្រែន។ យើងយល់អំពីបញ្ហានេះ ប៉ុន្តែយើងគ្រាន់តែសង្ឃឹមថា ការពិភាក្សារបស់អ្នក នឹងអាចប្រព្រឹត្តទៅបានឆាប់»។

លោកបានបញ្ជាក់ថា៖«រុស្ស៊ីហាក់ដូចជាកំពុងបន្តការវាយលុក។ អ៊ុយក្រែនគឺខ្វះខាតគ្រាប់រំសេវ»។ ដោយសំដៅទៅលើមីស៊ីល Taurus លោក Sikorski បាននិយាយថា ស្ថានភាពដ៏តានតឹងបែបនេះ មានន័យថា «ក្នុងរយៈពេល៦ខែ [វា] មិនមែនជាការសម្រេចចិត្តដូចគ្នានោះទេ»។