លោកប្រធានាធិបតីហ្វីលីពីនហ្វើឌីណានម៉ាកូសជូនៀរ(Ferdinand Marcos Jr) បាននិយាយថាការគំរាមកំហែងដល់ប្រជាជាតិរបស់លោកពីការទាមទារដ៏ខ្លាំងក្លារបស់ចិននៅក្នុងសមុទ្រចិនខាងត្បូងកំពុងកើនឡើង ប៉ុន្តែបានអះអាងថា កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលលោកក្នុងការអះអាងសិទ្ធិអធិបតេយ្យភាពលើតំបន់ជម្លោះ គឺមិនមែនមានន័យថាចាប់ផ្តើមជម្លោះដោយការធ្វើឲ្យអ្នកណាម្នាក់ផ្ទុះកំហឹង ឬខឹងគោ ទៅវាយរទេះ នោះទេ។

លោក Marcos បាននិយាយកាលពីថ្ងៃអង្គារនៅក្នុងបទសម្ភាសន៍ជាមួយអ្នកសម្របសម្រួលកម្មវិធីរបស់ទូរទស្សន៍ Bloomberg លោកស្រីហាសលីនដា អាមីន (Haslinda Amin) នៅវិមានប្រធានាធិបតីក្នុងរដ្ឋធានីម៉ានីល ថា យើងកំពុងព្យាយាមរក្សាអ្វីៗឱ្យនៅនឹងដដែល ។លោកបានបន្ថែមថា បញ្ហាប្រឈមនោះគឺថា ដោយសារតែការគំរាមកំហែងបានកើនឡើង យើងត្រូវតែធ្វើបន្ថែមទៀតដើម្បីការពារទឹកដីរបស់យើង។

ទន្ទឹមនឹងកោះតៃវ៉ាន់ ការប្រឈមដាក់គ្នារវាងហ្វីលីពីន និងចិន ជុំវិញបញ្ហាថ្មប៉ប្រះទឹក និងកោះជាច្រើនបានក្លាយទៅជាចំណុចក្ដៅមួយនៅក្នុងតំបន់។ ចាប់តាំងពីលោក Marcos ចូលកាន់តំណែងក្នុងឆ្នាំ ២០២២ យោធា និងឆ្មាំឆ្នេរសមុទ្រហ្វីលីពីន បានបង្កើនប្រតិបត្តិការផ្គត់ផ្គង់កងទ័ពនៅឯមូលដ្ឋាន មួយ និងអមដំណើរការពារក្រុមប្រជានេសាទហ្វីលីពីន ដែលលោកនិយាយថាបានពឹងផ្អែកលើដែនទឹកនេះជាច្រើនជំនាន់មកហើយ។

ជំហរនោះបានជំរុញឱ្យមានការថ្កោលទោសពីទីក្រុងប៉េកាំង ដែលកងនាវានេសាទ និងនាវាឆ្មាំសមុទ្រតែងតែរារាំងនាវាហ្វីលីពីន ហើយថែមទាំងបានប៉ះទង្គិចគ្នានជារឿយៗ ដោយបង្កើនហានិភ័យនៃការផ្ទុះជម្លោះជាមួយចិន ដែលអាចអូសទាញសហរដ្ឋអាមេរិកឲ្យធ្លាក់ចូលក្នុងជម្លោះយ៉ាងឆាប់រហ័ស។
ប្រធានាធិបតីវ័យ៦៦ ឆ្នាំ ដែលមានទំនោរខ្លាំងទៅកាន់សហរដ្ឋអាមេរិក រូបនេះ បាននិយាយថា យើងពុំបានញុះញង់បង្កជម្លោះណាមួយទេ។ យើងពុំបានជំរុញឲ្យមានការប្រឈមដាក់គ្នាណាមួយឡើយ។ យើងគ្រាន់តែព្យាយាមចិញ្ចឹមប្រជាជនយើងតែប៉ុណ្ណោះ៕