មេបញ្ជាការនៃទីបញ្ជាការដ្ឋានតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិក បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងថា សកម្មភាពឈ្លានពានម្តងហើយម្តងទៀតរបស់ប្រទេសចិនលើប្រទេសហ្វីលីពីន នៅសមុទ្រចិនខាងត្បូង កំពុងធ្វើឱ្យតំបន់នេះក្លាយជា «ចំណុចក្តៅដ៏សំខាន់មួយ» ។

លោក ចន អាហ្គីលីណូ(John Aquilino) បាននិយាយនៅក្នុងសវនាការរបស់គណៈកម្មាធិការអង្គភាពសេវាប្រដាប់អាវុធរបស់សភា កាលពីថ្ងៃពុធថា ចំណុចក្តៅ អាចបញ្ចប់ទៅនៅកន្លែងដ៏អាក្រក់។
ការកត់សម្គាល់របស់លោក Aquilino ធ្វើឡើងបន្ទាប់ពីនាវាឆ្មាំល្បាតឆ្នេរចិន បានបាញ់កាណុងបាញ់ទឹក ដាក់លើនាវាផ្គត់ផ្គង់របស់ហ្វីលីពីន នៅជិតតំបន់ជម្លោះថ្មប៉ប្រាស់ទឹក Thomas Shoal កាលពីថ្ងៃទី ៥ ខែមីនា។
ឧបទ្ទវហេតុនេះ បានបណ្តាលឱ្យសមាជិកនាវិកហ្វីលីពីនបួននាក់រងរបួស។ មេបញ្ជាការរូបនេះ បាននិយាយថា សកម្មភាពឈ្លានពាន និងវាយប្រហារដ៏គ្រោះថ្នាក់ ដែលនៅតែបន្តរបស់ប្រទេសចិនប្រឆាំងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ធ្វើឲ្យលោកព្រួយបារម្ភ។

លោកបាននិយាយថា ប្រសិនបើនាវិក ឬទាហានហ្វីលីពីន ត្រូវបានគេសម្លាប់ មាត្រាទី ៥ នៃសន្ធិសញ្ញាការពារទៅវិញទៅមក អាចត្រូវបានយកមកប្រើ។
លោកបានពន្យល់ថា វានឹងក្លាយជា «តម្រូវការ និងទំនួលខុសត្រូវរបស់លោក» ក្នុងការផ្តល់ជម្រើសដល់រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រសិនបើរឿងនេះកើតឡើង។
បញ្ហានេះ ត្រូវបានគេរំពឹងថានឹងត្រូវពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលត្រីភាគី ដែលមានការចូលរួមពីប្រទេសជប៉ុន សហរដ្ឋអាមេរិក និងប្រទេសហ្វីលីពីន ដែលគ្រោងធ្វើនៅថ្ងៃទី ១១ ខែមេសា ក្នុងទីក្រុងវ៉ាស៊ីនតោន។