នាយករដ្ឋមន្ត្រីដែនដីប៉ាឡេស្ទីន លោក ម៉ូហាម៉ាដ ស្តាយ៉េ(Mohammad Shtayyeh) កាលពីថ្ងៃពុធ បានស្វាគមន៍ ការសម្រេចចិត្តរបស់រដ្ឋាភិបាលប្រទេសកាណាដា ក្នុងការបញ្ឈប់ការនាំចេញអាវុធទៅកាន់ប្រទេសអ៊ីស្រាអែល ក្នុងពេលមានសង្រ្គាមដែលនៅតែបន្ត នៅតំបន់ហ្កាហ្សាស្ទ្រីប។

លោក Shtayyeh បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សង្រ្គាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែល ទាមទារឱ្យមានជំហរពីអន្តរជាតិយ៉ាងម៉ឺងម៉ាត់ ដើម្បីបញ្ឈប់ការផ្តល់អាវុធដល់អ៊ីស្រាអែល និងដាក់ទណ្ឌកម្មជាបន្ទាន់ ដើម្បីទប់ស្កាត់ប្រទេសនេះពីការបន្តឧក្រិដ្ឋកម្មរបស់ខ្លួន។
លោកបានបញ្ជាក់លើតម្រូវការបន្ទាន់ក្នុងការដាក់សម្ពាធឲ្យបើកច្រកព្រំដែនទៅកាន់តំបន់ហ្កាហ្សា ធានាបានការចូលមកដល់នៃជំនួយមនុស្សធម៌គ្រប់គ្រាន់ និងការស្តារការផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត ឡើងវិញ។ រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Melanie Joly បានប្រកាសកាលពីយប់ថ្ងៃអង្គារថា ទីក្រុង Ottawa នឹងបញ្ឈប់ការនាំចេញអាវុធរបស់ខ្លួនទៅកាន់ប្រទេសអ៊ីស្រាអែល។

សេចក្តីថ្លែងការណ៍របស់លោកស្រី Joly បានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីសភាកាណាដា បានអំពាវនាវឱ្យបញ្ឈប់ការដឹកជញ្ជូនអាវុធទៅកាន់ប្រទេសអ៊ីស្រាអែល។
កាលពីពេលថ្មីៗនេះ ប្រទេសកាណាដា បានពន្យារពេលការដឹកជញ្ជូនយានរថពាសដែកចំនួន ១១ គ្រឿង ទៅកាន់នគរបាលអ៊ីស្រាអែល និងការដឹកជញ្ជូនឧបករណ៍មើលឃើញនៅពេលយប់ ផ្សេងទៀត។
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz បានរិះគន់ខ្លាំងៗចំពោះការសម្រេចចិត្តនេះ ដោយបាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ប្រវត្តិសាស្ត្រនឹងវិនិច្ឆ័យចំណាត់ការបច្ចុប្បន្នរបស់រដ្ឋាភិបាលកាណាដា យ៉ាងហ្មត់ចត់។
លោកបានិយាយថា វាគួរឱ្យសោកស្តាយ ដែលរដ្ឋាភិបាលកាណាដា មានចំណាត់ការប្រឆាំងចំពោះសិទ្ធិរបស់អ៊ីស្រាអែលក្នុងការការពារខ្លួនប្រឆាំងឃាតករក្រុមហាម៉ាស ដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មមកលើប្រជាជនអ៊ីស្រាអែលស្លូតត្រង់។