សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងកោតសរសើរកីឡាករកីឡាការិនីមានពិការភាពរបស់កម្ពុជា ដែលបានប្រឹងប្រែងលើកកិត្តិយសជូនជាតិមាតុភូមិ តាមរយៈការដណ្តើមបានមេដាយច្រើនប្រភេទ ពីព្រឹត្តិការណ៍កីឡានានានាពេលកន្លងមក។

សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ។
ក្នុងឱកសានោះ សម្តេចធិបតី បានបង្ហាញក្តីរំភើបរីករាយដោយបានឃើញជនមានពិការភាពនៅកម្ពុជា ចូលរួមយ៉ាងសកម្ម និងពេញលេញនៅក្នុងសកម្មភាពសេដ្ឋកិច្ច-សង្គមកម្ពុជា។
សម្តេចធិបតីក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ កីឡាករកីឡាការិនី និងបុគ្គលិកទាំងអស់នៃមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដែលបានប្រឹងប្រែងកសាងសមិទ្ធផលនានា។
សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា តាមរយៈការខិតខំប្រឹងប្រែងដោយផ្ទាល់របស់កីឡាករកីឡាការិនីប៉ារ៉ាឡាំពិកកម្ពុជា និងមានការគាំទ្រពីរាជរដ្ឋាភិបាល និងសប្បុរសជននានា ពិសេសការចូលរួមពីប្រជាពលរដ្ឋ សម្ដេចធិបតី ជឿជាក់ថា កីឡាករកីឡាការិនីប៉ារ៉ាឡាំពិកកម្ពុជា នឹងដណ្តើមបានមេដាយជាច្រើនបន្ថែមទៀតជូនជាតិមាតុភូមិ។
សម្តេចធិបតី បញ្ជាក់ថា ក្នុងការប្រកួតកន្លងមក កីឡាប៉ារ៉ាឡាំពិកកម្ពុជាបានទទួលមេដាយចំនួន ២៦១ គ្រឿងរួចមកហើយ ដែលលទ្ធផលនេះកម្ពុជាមិនធ្លាប់ទទួលបាននោះទេតាំងពីដំណាក់កាលចាប់ផ្តើមដំបូងមក។
សម្តេចសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល នឹងបន្តខិតខំជំរុញវិស័យកីឡានេះបន្ថែមទៀតពីព្រោះថាកីឡាករទាំងអស់ មិនមែនធ្វើការហ្វឹកហាត់ ដើម្បីខ្លួនឯងនោះទេ គឺប្រឹងប្រែងប្រកួតដើម្បីលើមុខមាត់ជាតិកម្ពុជា ទង់ជាតិកម្ពុជារបស់កម្ពុជានៅលើឆាកអន្តរជាតិ៕អត្ថបទ៖ វ៉នដារ៉ា