អាជ្ញាធរខណ្ឌ៧មករា បានបន្តចុះអប់រំណែនាំ និងត្រួតពិនិត្យដល់ទីតាំងយានដ្ឋាន ទីតាំងប្រកបអាជីវកម្មនូវឧបករណ៍ស៊ីផ្លេ និងបំពង់ស៊ីម៉ាំងកែច្នៃខុស លក្ខណៈបច្ចេកទេស ត្រូវធ្វើការបញ្ឈប់សកម្មភាពលក់ជាបន្ទាន់ បើពុំដូចនេះទេអាជ្ញាធរ និងចាត់វិធានការផ្លូវច្បាប់។

ការចុះត្រួតពិនិត្យមើលនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីទទួលបានសេចក្ដីណែនាំរបស់សាលារាជធានីភ្នំពេញ លោក ថេង សុថុល អភិបាលខណ្ឌ ៧មករាបានចាត់ឲ្យមន្ត្រីជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យមើលតាមយានដ្ឋាន និងទីតាំងប្រកបអាជីវកម្មកែច្នៃបំពង់ស៊ីមាំងខុសលក្ខណៈបច្ចេកទេស នៅទីតាំងលក់ ជួសជុលម៉ូតូវិញវត្តសំពៅមាស ក្នុងមូលដ្ឋាន សង្កាត់បឹងព្រលឹតខណ្ឌ៧មករា រាជធានីភ្នំពេញ។

ក្នុងការចុះត្រួតពិនិត្យនេះផងដែរប្រជាពលរដ្ឋដែលម្ចាស់យានដ្ឋានក៏ដូចជាម្ចាស់ទីតាំងប្រកបអាជីវកម្មស៊ីផ្លេ និងបំពង់ស៊ីមាំងកែច្នៃខុសលក្ខណៈបច្ចេកទេសបានចូលរួមសហការជាមួយអាជ្ញាធរខណ្ឌ៧មករាយ៉ាងល្អដោយមិនបង្កការលំបាកណាមួយដល់អាជ្ញាធរនោះទេ។

គួរបញ្ជាក់ផងដែរ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានចេញសេចក្ដីជូនដំណឹង មួយ ស្ដីពីការ ហាមឃាត់ការប្រើប្រាស់ ការតាំងលក់ និងការកែច្នៃ ស៊ីផ្លេ និងបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស នៅរាជធានីភ្នំពេញ ដោយទុកឱសានវាទ ១សប្ដាហ៍ ត្រូវធ្វើការបញ្ឈប់សកម្មភាពលក់ជាបន្ទាន់ ក្នុងករណីនៅតែបន្តលក់ឧបករណ៍ ទាំងនោះ អាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការដកហូត ព្រមទាំងបិទទីតាំងអាជីវកម្មតែម្តង៕ អត្ថបទ៖ កុម្ភៈ

