សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍លើកទឹកចិត្តដល់ជនមានពិការភាពត្រូវបន្តប្រកាន់ស្មារតី «ពិការកាយ មិនពិការចិត្ត» ដើម្បីលើកកម្ពស់សមត្ថភាពរបស់ខ្លួនឯង ខណៈសម្តេចធិបតីឯកភាពធ្វើជាប្រធានកិត្តិយសមជ្ឈមណ្ឌលជាតិ ជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។
សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី បានថ្លែងថា ការលើកកម្ពស់សិទ្ធិរស់រានមានជីវិតរបស់ជនមានពិការភាព គឺជាការចាំបាច់ ដើម្បីធ្វើឱ្យជនមានពិការភាពទាំងអស់ទទួលបានសិទ្ធិដូចប្រជាជនទូទៅដែលមិនពិការភាពដែរ ដោយក្នុងនោះជនមានពិការភាពក៏អាចទទួលបាន សិទ្ធិទទួលបានការអប់រំ ការថែទាំសុខភាព សេវាយុត្តិធម៌ និងការចូលរួមនៅក្នុងសកម្មភាពសង្គម សាសនា កីឡា សិល្បៈ នយោបាយ ដោយពេញលេញ និងស្មើភាពគ្នា។
ក្នុងឱកាសនោះសម្ដេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានផ្តល់ការយកចិត្តទុកដាក់ និងលើកកម្ពស់ជនមានពិការភាព ដោយបានធានាដល់ការធ្វើបរិយាប័ន្ន និងសមភាព ជាក់ស្តែងការដាក់សម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន នាពេលនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់កាលានុវត្តភាព ចំពោះជនមានពិការភាពក្នុងការដឹកនាំ ផ្តល់សេវា ស្តារលទ្ធភាពពលកម្ម ផ្តល់និងរកការងារ បង្កើនសេដ្ឋកិច្ច និងផ្សព្វផ្សាយលើកកម្ពស់សិទ្ធិជនមានពិការភាព ដើម្បីបងប្អូនជនមានពិការភាពបានទទួលផល រស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ មានឱកាសពេញលេញចូលរួមគ្រប់សកម្មភាព នៅក្នុងសង្គម៕អត្ថបទ៖ វ៉ន ដារ៉ា




