ទីភ្នាក់ងារជាតិ មុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា គិតត្រឹមថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅទូទាំងប្រទេសកម្ពុជាកំពុងមានតម្រូវការជ្រើសរើសបុគ្គលិក កម្មករនិយោជិកប្រមាណ ៣ ម៉ឺននាក់សម្រាប់ចូលបម្រើការងារនៅតាមបណ្តារោងចក្រ សហគ្រាស ក្រុមហ៊ុនតូចធំជាច្រើននៅក្នុងប្រទេសកម្ពុជា ។
លោក ឆោម សុខឿន ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ថ្លែងប្រាប់ BTV នៅថ្ងៃទី២១ ខែមីនានេះ បច្ចុប្បន្នមានក្រុមហ៊ុនជាតិ អន្តរជាតិជាច្រើននៅកម្ពុជា បានប្រកាសជ្រើសរើសបុគ្គលិក កម្មករនិយោជិកឱ្យចូលបម្រើការងារនៅទីភ្នាក់ងារជាតិមុខរបរ និងការងារនៅរៀងរាល់ថ្ងៃព្រហស្បតិ៍ ក្នុងនោះមានរោងចក្រនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ក៏កំពុងប្រកាសជ្រើសរើសកម្មករ កម្មការនី ជិត ៨២០០ នាក់ផងដែរ។
លោកស្រី ផូ សុភាព បុគ្គលិកធនធានមនុស្សនៃក្រុមហ៊ុន Forward Cam បានឱ្យដឹងថា ក្រុមហ៊ុនលោកស្រីបានបង្កើតតាំងពីឆ្នាំ២០១៥ មកម្លេះ បច្ចុប្បន្ន ក្រុមហ៊ុនបាននិងកំពុងពង្រីកអាជីវកម្ម និងទីផ្សារទៅតាមបណ្តាខេត្តនានា ដូច្នេះក្រុមហ៊ុនកំពុងមានតម្រូវការជ្រើសរើសបុគ្គលិកជាច្រើនរូបបម្រើការនៅតាមបណ្តាខេត្ត។
បើតាមអ្នកនាំពាក្យទីភ្នាក់ជាតិមុខរបរ និងការងារ គិតត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០២៤ នៅទូទាំងប្រទេស កំពុងមានតម្រូវការងារ និងកម្លាំងពលកម្មប្រមាណ ៣០៦១៥ នាក់ក្នុងនោះការងារផ្នែកឧស្សាហកម្មប្រមាណ ១៧៣៣៤ នាក់, ការងារក្នុងផ្នែកសេវាកម្ម និងទេសចរណ៍ ៤០០០នាក់ និង ការងារផ្នែកកសិកម្ម ៩៣៣៣ នាក់ទៀត នៅតាមបណ្តាខេត្តរាជធានី ខេត្តជាង១០ នៅកម្ពុជា៕ អត្ថបទ៖ ស៊ុម សុខជា