សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអំពាវនាវដល់សហគមន៍ជាតិ-អន្តរជាតិ បន្តរួមគ្នាអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពស្តីពីជនមានពិការភាព អនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាពរបស់អង្គការសហប្រជាជាតិ និងយុទ្ធសាស្ត្រទីក្រុងអ៊ីនឈុន ដើម្បីផ្ដល់សិទ្ធិពិតប្រាកដទៅដល់ជនមានពិការភាពក៏ដូចជាបង្កើតសហគមន៍មួយដែលមានបរិយាប័ន្ន និងភាពសុខដុមសម្រាប់ជនមានពិការភាពស្របតាមគោលការណ៍ «គ្មានជនណាម្នាក់ត្រូវបានបោះបង់ចោលឡើយ»។
សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ។
សម្ដេចធិបតី មានប្រសាសន៍ថា ការរើសអើង និងការមើលរំលងនូវសមត្ថភាពរបស់ជនមានពិការភាព គឺជាកំហុសឆ្គង ទាំងផ្នែកសីលធម៌ ស្មារតី និងគោលការណ៍សកលស្តីពីជនមានពិការភាព ព្រមទាំងនាំឱ្យបាត់បង់សាមគ្គីភាព ភាពសុខដុម និងភាពជឿជាក់គ្នាក្នុងសហគមន៍។ ដូច្នេះការពង្រឹងវិស័យពិការភាព គឺជាការរួមគ្នាបង្កើនបន្ថែមជូនជនមានពិការភាពនូវក្តីសង្ឃឹមភាពអង់អាច និងលើកកម្ពស់សិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូររបស់ជនមានពិការភាព ព្រមទាំងផ្លាស់ប្តូរឱ្យមានការគិតជាវិជ្ជមានប្រកបដោយគុណធម៌សម្រាប់ជនមានពិការភាព។
ដើម្បីរួមចំណែកដល់ការលើកកម្ពស់ជនមានពិការភាពប្រកបដោយបរិយាប័ន្ននៅក្នុងសហគមន៍ និងក្នុងដំណើរការអភិវឌ្ឍសង្គមសេដ្ឋកិច្ចឱ្យបានច្រើនជាអតិប្បរិមា សម្តេចធិបតីនាយករដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ដល់ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងស្ថាប័នពាក់ព័ន្ធចូលរួមរៀបចំបទដ្ឋានគតិយុតគ្រប់ជ្រុងជ្រោយដើម្បីធានាថា មជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែនជាសម្បត្តិជនសម្រាប់មានពិការភាពប្រើប្រាស់ជាបន្តតរៀងទៅទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។
សម្ដេច បានណែនាំដល់គ្រប់កិច្ចអភិវឌ្ឍន៍ទាំងអស់រួមមានសកម្មភាពសង្គមសេដ្ឋកិច្ចនយោបាយវប្បធម៌ គឺត្រូវលើកទឹកចិត្ត និងលើកកម្ពស់ឱ្យមានការចូលរួមជាអតិប្បរិមារបស់ជនមានពិការភាពនៅកម្រិតសហគមន៍ឱ្យបានទូលំទូលាយដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយបរិយាប័ន្នទាំងទិដ្ឋភាពនៃតួអង្គនៃការអភិវឌ្ឍ។
សម្ដេច បានលើកទឹកចិត្តឱ្យបន្តបង្កើនកិច្ចសហការនៅក្នុងការរៀបចំបណ្តុះបណ្តាលជំនាញពិសេស និងប្រើប្រាស់បច្ចេកទេសសមស្របសម្រាប់ការសិក្សារបស់ជនមានពិការភាពដើម្បីលើកកម្ពស់សមត្ថភាព និងលទ្ធភាពទទួលបានការងារធ្វើជាមួយប្រាក់បៀរវត្សខ្ពស់សំដៅលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ជនមានពិការភាព និងគ្រួសារឱ្យកាន់តែប្រសើរ៕



