ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២១នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានទទួលអំណោយជាសម្ភារៈ និងទឹកថ្នាំសម្លាប់មេរោគ គិតជាថវិកាចំនួន១២,២៦៥ដុល្លារ ពីឯកឧត្តម តាំង កក់ អគ្គនាយកក្រុមហ៊ុន LIXIN GROUP និងកញ្ញា Carey Liu តំណាងក្រុមហ៊ុន LIXIN GROUP នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
ក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការរងទី១ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តសប្បុរសធម៌របស់ក្រុមហ៊ុន LIXIN GROUP ដែលបានឧបត្ថម្ភសម្ភារៈ និងទឹកថ្នាំសម្លាប់មេរោគជូនកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់នឹងជំងឺកូវីដ-១៩។
តំណាងក្រុមហ៊ុន LIXIN GROUP បានថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជា ដែលបានអនុញ្ញាតឱ្យក្រុមហ៊ុនបានចូលរួមចំណែកការងារមនុស្សធម៌ ហើយជាពិសេសក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ និងសូមជូនពរថ្នាក់ដឹកនាំ មន្ត្រីកាកបាទក្រហមកម្ពុជាទាំងអស់ មានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ចមនុស្សធម៌ ដើម្បីបន្តជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។
ជាមួយគ្នានេះ កញ្ញា Carey Liu បានគូសបញ្ជាក់ថា ក្រុមហ៊ុន LIXIN GROUP នឹងចាត់ឱ្យក្រុមការងារដើម្បីបាញ់ទឹកថ្នាំសម្លាប់មេរោគក្នុងបរិវេណ១០ម៉ឺនម៉ែត្រការ៉េ (ស្មើនឹងថវិកា៣០ម៉ឺនដុល្លារ) សម្រាប់នៅបរិវេណទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា និងទៅតាមតម្រូវការចាំបាច់របស់កាកបាទក្រហមកម្ពុជា។
សូមបញ្ជាក់ថា អំណោយដែលបានផ្តល់ជូន រួមមាន ៖ ទឹកថ្នាំសម្លាប់មេរោគ Disinfectant Spray (ចំណុះ ៥០ml ចំនួន ២០០ដប, ចំណុះ ២០០ml ចំនួន ១០០ដប, ចំណុះ ៥លីត្រ ចំនួន ១០បារ៉ែល), សម្ភារ Air Filter ចំនួន ៥០ និងការបាញ់ទឹកថ្នាំសម្លាប់មេរោគលើផ្ទៃ ២ពាន់ម៉ែត្រការ៉េ៕


