ក្រុមមន្ត្រីបាននិយាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា រដ្ឋាភិបាលកូរ៉េខាងត្បូង នឹងចាប់ផ្ដើមផ្អាកអាជ្ញាបណ្ណក្រុមវេជ្ជបណ្ឌិតវ័យក្មេងដែលនៅបន្តកូដកម្ម នៅសប្ដាហ៍ក្រោយ ខណៈពួកគេមិនព្រមបញ្ចប់ការដើរចេញពីការងាររយៈពេលជាច្រើនសប្ដាហ៍ ដែលបានដាក់បន្ទុកបន្ថែមលើសេវាវេជ្ជសាស្ត្រ របស់ប្រទេសនេះ ។

ជាង៩០% នៃក្រុមគ្រូពេទ្យហាត់ការចំនួន១៣.០០០នាក់ របស់ប្រទេសនេះ និងអ្នកស្រុក បានចេញធ្វើកូដកម្មរយៈពេលប្រហែលមួយខែ មកហើយ ដើម្បីតវ៉ាប្រឆាំងផែនការរបស់រដ្ឋាភិបាលក្នុងការបង្កើនចំនួននិស្សិតពេទ្យ ចូលរៀនពេទ្យ។ កូដកម្មនានា បានបណ្ដាលឲ្យលុបចោលការវះកាត់អ្នកជំងឺនិងការព្យាបាលផ្សេងៗនៅមន្ទីរពេទ្យទាំងឡាយ។
ក្រុមមន្ត្រីបាននិយាយថា ផែនការរើសគ្រូពេទ្យបន្ថែម គឺដើម្បីត្រៀមសម្រាប់កំណើនប្រជាជនដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងប្រទេសមួយដែលមានចំនួនគ្រូពេទ្យទាបបំផុតក្នុងពិភពលោក ។ប៉ុន្តែខាងក្រុមគ្រូពេទ្យវិញ លើកឡើងថាសាលារៀនមិនអាចដោះស្រាយកំណើននិស្សិតពេទ្យបានភ្លាមៗទេ ហើយនឹងប៉ះពាល់ដល់សេវាសុខាភិបាលរបស់ប្រទេសនេះមិនខាន។

រដ្ឋាភិបាលបាននិងកំពុងចាត់វិធានការរដ្ឋបាលជាបន្តបន្ទាប់លើការផ្អាកអាជ្ញាបណ្ណ បន្ទាប់ពីក្រុមវេជ្ជបណ្ឌិតទាំងនោះ បានខកខានពេលវេលាកំណត់របស់រដ្ឋាភិបាលកាលពីថ្ងៃទី២៩ខែកុម្ភៈឲ្យចូលបម្រើការងារវិញ ។ ជំហានទាំងនោះរួមទាំងការបញ្ចូនលិខិតផ្ដល់ដំណឹងជាផ្លូវការដើម្បីបញ្ជាក់ដល់អ្នកធ្វើកូដកម្មទាំងឡាយ ដែលអវិត្តមាន ដោយបញ្ជាក់ប្រាប់ពួកគេអំពីការទុកឱកាសឲ្យពួកគេឆ្លើយតបចំពោះការផ្អាកនេះ។ ឧបនាយករដ្ឋមន្ត្រីសុខាភិបាល លោក Park Min-soo បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា រដ្ឋាភិបាលត្រូវគេរំពឹងថានឹងបញ្ចប់ជំហានទាំងនោះលើក្រុមវេជ្ជបណ្ឌិតធ្វើកូដកម្ម ដូច្នេះ នឹងមានការជូនដំណឹងដល់ពួកគេពីការផ្អាកអាជ្ញាបណ្ណនេះ៕