ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថា ពួកគេបានរៀបចំការដឹកជញ្ជូនតាមជើងយន្តហោះទៅកាន់ប្រទេសហៃទី មានឱសថ ការផ្គត់ផ្គង់វេជ្ជសាស្រ្ត និងបុគ្គលិកផ្តល់ជំនួយ ដែលមានសារៈសំខាន់សម្រាប់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះនៅក្នុងប្រទេសដែលញាំញីដោយដោយជម្លោះមួយនេះ។

ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា ការដឹកជញ្ជូនតាមផ្លូវអាកាស អាចនាំយកថ្នាំពេទ្យបានជាង ៨០០គីឡូក្រាម រួមមានទាំងកញ្ចប់ឈាម និងសម្ភារៈផ្គត់ផ្គង់វេជ្ជសាស្រ្តផ្សេងទៀតទៅក្នុងប្រទេសនេះ។

អង្គការ OCHA បាននិយាយថា ការផ្គត់ផ្គង់ទាំងនេះ មានសារៈសំខាន់សម្រាប់ការឆ្លើយតបផ្នែកសុខភាព ធ្វើឡើងដោយទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការមិនមែនរដ្ឋាភិបាល ដោយអគារថែទាំសុខភាព បានរងផលប៉ះពាល់ធ្ងន់ធ្ងរដោយអំពើហិង្សា។ អង្គការ OCHA បាននិយាយថា ការប្រើប្រាស់ការដឹកជញ្ជូនតាមអាកាស បានអនុញ្ញាតឱ្យអង្គការមនុស្សធម៌នាំយកបុគ្គលិកគ្រប់គ្រាន់ចូលទៅក្នុងប្រទេសហៃទី ដើម្បីបន្តផ្តល់ជំនួយ។
ការិយាល័យ បាននិយាយថា កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានចែកចាយអាហារក្តៅជាង ៨.៤០០កញ្ចប់ដល់ប្រជាជន ដែលត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ នៅទីក្រុង ព័រ អូប្រាំង។
លោកស្រី វ្ល័រេនស៊ីយ៉ា សូតូ នីណូ(Florencia Soto Nino) អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ បាននិយាយថា ការដឹកជញ្ជូនតាមយន្តហោះត្រូវបានធ្វើប្រតិបត្តិការដោយអង្គភាពសេវាដឹកជញ្ជូនតាមអាកាសមនុស្សធម៌កម្មវិធីស្បៀងអាហារពិភពលោក(WFP) របស់អង្គការសហប្រជាជាតិ ។