កងទ័ពអាកាសអាមេរិក បានធ្វើតេស្តសាកល្បងពេញលេញនូវមីស៊ីលល្បឿនលឿនជាងសំឡេងរបស់ខ្លួន បន្ទាប់ពីមានការពន្យារពេលជាច្រើនខែ និងការធ្វើសមយុទ្ធប្រហាក់ប្រហែលគ្នាដោយរុស្ស៊ី និងចិន។

យន្តហោះទម្លាក់គ្រាប់បែក B-52 មួយគ្រឿង បានហោះចេញពីទឹកដីនៃកោះGuam កាលពីថ្ងៃអង្គារ ហើយបានបាញ់បង្ហោះមីស៊ីលដែលត្រូវបានគេស្គាល់ថា ជាអាវុធឆ្លើយតបរហ័សតាមអាកាស (ARRW) នៅលើទីតាំងសាកល្បងមីស៊ីលនៅកោះ Marshall ។
កងទ័ពអាកាសអាមេរិក (USAF) បានបដិសេធមិនធ្វើអត្ថាធិប្បាយលើព័ត៌មានលម្អិតនៃបេសកកម្មនេះទេ ប៉ុន្តែការសាកល្បងនេះ ត្រូវបានគេគិតថា ជាសមយុទ្ធចុងក្រោយនៅក្នុងកម្មវិធី ដែលមានរយៈពេលជាច្រើនឆ្នាំ ដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យានេះ។

មីស៊ីលល្បឿនលឿងជាងសំឡេង មានសមត្ថភាពហោះក្នុងល្បឿនលឿនជាងសំឡេងរហូតដល់៥ដង ហើយចូលទៅជិតគោលដៅពីមុំទាបបំផុត ដែលធ្វើឲ្យប្រព័ន្ធព្រមានឲ្យដឹងមុខរបស់សត្រូវពិបាកចាប់ពួកវាណាស់។
ការអភិវឌ្ឍយឺតយ៉ាវនៃអាវុធរបស់អាមេរិក ត្រូវបានរិះគន់ដោយសភា ចំពេលមានការព្រមានថា រុស្ស៊ី ចិន និងកូរ៉េខាងជើង កំពុងបង្កើតកម្មវិធីស្រដៀងគ្នានេះ។
អ្នកនាំពាក្យកងទ័ពអាកាសអាមេរិក បាននិយាយថា៖«ការសាកល្បងនេះ បានបាញ់បង្ហោះមីស៊ីលល្បឿនលឿនជាងសំឡេងដែលប្រតិបត្តិការតាមគំរូដើមទាំងស្រុង ហើយផ្តោតលើការអនុវត្តដំណើរការរបស់ អាវុធឆ្លើយតបរហ័សតាមអាកាស (ARRW) ចាប់តាំងពីការចាប់ផ្តើមរហូតដល់ទីបញ្ចប់។
តាមរយៈការតេស្តសាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេងនេះ កងទ័ពអាកាសទទួលបានការយល់ដឹងដ៏មានតម្លៃចំពោះសមត្ថភាពនៃបច្ចេកវិទ្យាទំនើបចុងក្រោយនេះ។